(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តឱ្យក​ង​ទ័ពកម្ពុជា និងសិង្ហបុរី បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ជាពិសេសចែក​រំលែក​បទពិសោធន៍ ព័ត៌មាន និងលើកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យ​កង​ទ័ពរវាងប្រទេសទាំងពីរ។

សម្តេចតេជោ បានលើកឡើងបែបនេះក្នុងជំនួបជាមួយឧត្តមសេនីយ៍ទោ ដេវីត នេអូ (David Neo) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី នាព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈនេះ នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យ​ដឹង​ថា ក្នុងជំនួបនោះ លោក នេអូ បានសម្ដែងនូវក្ដីរីករាយចំពោះទំនាក់ទំនង និងកិច្ច​សហ​​ប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងសិង្ហបុរី ជាពិសេសរវាងកងទ័ព និងកងទ័ពនៃប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ទោ ក៏បានជម្រាបជូនសម្ដេចតេជោពីដំណើរទស្សនកិច្ចរបស់​លោក​នៅកម្ពុជា។ ក្នុងនោះ លោកបានជួបពិភាក្សាជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​កងទ័ព​ជើងគោក កាលពីថ្ងៃទី​២៧ ខែកុម្ភៈ។ ក្នុងជំនួបមេកងទ័ពជើងគោកប្រទេសទាំងពីរ បានកំណត់គោលដៅកិច្ចសហប្រតិបត្តិការនៅពេលខាងមុខ ឱ្យកាន់តែខ្លាំងឡើង​ថែម​ទៀត។

សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហ​ប្រតិ​បត្តិ​ការ​រវាងកង​ទ័ព​ប្រទេសទាំងពីរ។ សម្ដេចតេជោ ក៏បានលើកទឹកចិត្តឱ្យកងទ័ពទាំងពីរ បន្តកិច្ច​សហ​ប្រតិបត្តិការ ហើយចែករំលែកបទពិសោធន៍ ព័ត៌មាន និងវិស័យអភិវឌ្ឍន៍​ធន​ធាន​មនុស្សក្នុងជួរកងទ័ពនៃប្រទេសទាំងពីរផងដែរ៕