(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានប្រគល់ថវិកាធានារ៉ាប់រងសង្គមសរុប១៨,៦៧៧,៧៦០រៀល ជូនគ្រួសារអតីតយុទ្ធជនចំនួន៥គ្រួសារ នៅខេត្តកំពង់ធំ។

ការប្រគល់ថវិកានេះធ្វើឡើងក្រោមវត្តមាន លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ។

លោកស្រី កែវ ចន្ទូ ប្រធានការិយាល័យបេឡាជាតិអតីតយុទ្ធជន នៃមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ បានឲ្យដឹងថា គ្រួសារអតីតយុទ្ធជនចំនួន៤គ្រួសារ បានទទួលថវិកាមិនស្មើគ្នាទេគឺទៅប្រភេទឋានៈរបស់គាត់ដែលបានផ្ទេចូលនិវត្តន៍ ហើយគ្រួសារដែលទទួលថវិកានោះ រួមមាន៖

១៖ គ្រួសារលោកពលបាលឯក ចាន់ ឌុក ទទួលបាន ៣,៦១១៩,០៤០រៀល
២៖ គ្រួសារលោកអនុសេនីយ៍ត្រី សា ឯល ទទួលបាន ៥,១០៧,២០០រៀល
៣៖ គ្រួសារលោកពលបាលទោ ស្រី អុន ទទួលបាន ២,២៧៣,១២០រៀល
៤៖ គ្រួសារលោកវរៈសេនីយ៍ទោ ស្មាន ទៀត ទទួលបាន ៧,៤៧៨,៤០០រៀល

ជាមួយគ្នានេះ លោក អ៊ុន បុត្ត បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារសព ដែលបានធ្វើមរណកាលកន្លងទៅ។

លោកបានថ្លែងថា ការបាត់បង់មន្ត្រីខាងលើគឺជាការបាត់បង់អតីតមន្ត្រីសកម្មដែលបានលះបង់កម្លំាងកាយចិត្ត ខិតខំបំពេញការងារជូនរដ្ឋដោយបានបន្សល់ទុកនូវស្នាដៃជាច្រើនដល់អ្នកជំនាន់ក្រោយ និងជាការបាត់បង់នូវបិតាដែលជាអ្នកមានគុណជាទីគោរព និងស្រឡាញ់ផងដែរ។

នាឱកាសនោះ លោក អ៊ុន បុត្ត អភិបាលរងខេត្តបានថ្លែងថា ដើម្បីបង្កើនប្រសិទ្ធភាពការងារប្រកបដោយតម្លាភាព និងសង្គតិភាពក្នុងការអនុវត្តរបបគោលនយោបាយជូនចំពោះអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនប្រកបដោយប្រសិទ្ធផល និងស្មារតីទទួលខុសត្រូវខ្ពស់ បេឡាជាតិអតីតយុទ្ធជនបានចាត់ឲ្យលោកស្រីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី/ខេត្តត្រូវបើកប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកជូនគ្រួសារសពនិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការដែលបានទទួលមរណភាពឲ្យបានទាន់ពេលវេលា។

នេះគឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដោយមិនទុកឲ្យអតីតយុទ្ធជនរឺគ្រួសារអតីតយុទ្ធជនណាម្នាក់នៅឯកការនោះដែរ៕