(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាបិទវគ្គបំប៉ននាយទាហានថ្នាក់ គ.ឃ ជំនាញការពារព្រំដែនជំនាន់ទី៨ ចំនួន៩០នាក់ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន បន្ទាយលង្វែក ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ការងារហ្វឹកហ្វឺនមានតួនាទីសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើគ្រប់ជំនាញ ក្នុងនោះកិច្ចការពារព្រំដែនទាមទារប្រមូលផ្តុំប្រភពធនធានមនុស្សប្រកបដោយគុណភាព មានឆន្ទៈ មនសិការស្នេហាជាតិ មានលក្ខណៈសម្បត្តិល្អ ស្គាល់ច្បាស់ពីស្ថានភាពភូមិសាស្ត្រ ប្រវត្តិសាស្ត្រ ភាសានិងការងារបរទេស យល់ដឹងផ្នែកច្បាប់ ផែនទី និងមានកិច្ចសហប្រតិបត្តិការល្អលើគ្រប់ផ្នែក ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅតំបន់ព្រំដែន»។
តាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ ចាន់ សារ៉ាន់ បានបញ្ជាក់ថា វគ្គបំប៉ននាយទាហានថ្នាក់ គ.ឃ ជំនាញការពារព្រំដែនជំនាន់ទី៨ ដែលរៀបចំពិធីបិទវគ្គនៅពេលនេះ មានសិក្ខាកាមចូលហ្វឹកហ្វឺនសរុប ៩០នាក់ មានរយៈពេលហ្វឹកហ្វឺនសរុប ៣ខែ លើមុខវិជ្ជាព្រំដែន និងច្បាប់ពាក់ព័ន្ធនានា ដែលរួមមាន៖ ច្បាប់ទំនាក់ទំនងអន្តរជាតិ, ច្បាប់អន្តោប្រវេសន៍, ច្បាប់អន្តរជាតិអំពីដែនសមុទ្រ, ច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ, ច្បាប់លក្ខខណៈរបស់កងយោធពលខេមរភូមិន្ទ ច្បាប់ជម្លោះប្រដាប់អាវុធ-ច្បាប់មនុស្សធម៌អន្តរជាតិ .មុខវិជ្ជាជំនាញព្រំដែន, មុខវិជ្ជាស៊ើបការព្រំដែន, មុខវិជ្ជាបច្រកទ្វារព្រំដែន, មុខវិជ្ជាយោធា និងជំនាញពាក់ព័ន្ធ, ដែលរួមមានលំហាត់របៀប, មុខវិជ្ជាឋានលេខា, ការងារសេនាធិការ, មុខវិជ្ជាយុទ្ធវិធី, អប់រំចិត្តសាស្ត្រ និងការងាររដ្ឋបាលនិងលិខិតស្នាម។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកោតសរសើរដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន ដែលបានសហការល្អជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក ទីចាត់ការហ្វឹកហ្វឺន និងស្ថាប័នពាក់ព័ន្ធ ក្នុងការកែលម្អកម្មវិធីសិក្សា ខ្លឹមសារមេរៀន សម្ភារៈឧបទេស និងបានដំណើរការដោយជោគជ័យតាមផែនការកំណត់ លើការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញការពារព្រំដែនដល់កងយោធពលខេមរភូមិន្ទយើង។
នាយឧត្តមសេនីយ៍ បានកោតសរសើរដល់យោធាចារ្យ និងសិក្ខាកាម ដែលបានខិតខំបង្ហាត់បង្រៀនតាមមុខជំនាញ និងទទួលបាននិទ្ទេសល្អ ឆ្លើយតបបានតាមសំណូមពរ ដែលជាកត្តាអាទិភាពដល់កំណែទម្រង់របស់កងយោធពលខេមរភូមិន្ទលើការកសាងធនធានមនុស្ស។
នាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទើបតែបញ្ចប់វគ្គ ត្រូវយកចំណេះដឹងដែលបានពីការសិក្សា ទៅជាការអនុវត្តជាក់ស្ដែងនៅអង្គភាព និងផ្តាំផ្ញើដល់សិក្ខាកាមបំប៉នជំនាញការពារព្រំដែនជំនាន់ទី៨ ដែលត្រូវបញ្ចប់វគ្គនៅពេលនេះ ពេលវិលទៅកាន់កងឯកភាពខ្លួនវិញ ត្រូវគោរពនិងប្រកាន់ភ្ជាប់នៅវិន័យ សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរៈភូមិន្ទ ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា មហាក្សត្រ ពិសេសស្មោះត្រង់និងការពារដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះបោះឆ្នោតដោយឆន្ទៈរាស្ត្រ។
ជាមួយនឹងកម្មវិធីនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់បន្ថែមទៅកាន់នាយទាហាន ដែលជាសិក្ខាកាមក្នុងវគ្គបំប៉ននាយទាហានជំនាញការពារព្រំដែនជំនាន់ទី៨ ថា នេះគឺជាមោទនភាពរបស់ជាតិ និងកងយោធពលខេមរភូមិន្ទ ដែលមានយោធិនជំនាញកិច្ចការពារព្រំដែន ប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់បន្តវេនបម្រើឱ្យវិស័យការពារជាតិ ទឹកដីកម្ពុជា ពីព្រោះថា កងទ័ពគឺជាធនធានមនុស្ស ដែលប្រកបដោយមនសិកាស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងមានការប្តេជ្ញាចិត្ត ប្ដូរផ្ដាច់ ការពារអធិបតេយ្យ បូរណៈភាពទឹកដី ព្រមទាំងមានសេចក្តីថ្លៃថ្នូរ សីលធម៌ មនុស្សធម៌ គុណធម៌ ជាមួយនឹងការត្រៀមខ្លួន បូជាលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
ជាជំហានថ្មីមួយទៀតនៃចក្ខុវិស័យ គោលនយោបាយការពារជាតិ គឺការកំណត់យកទិសដៅនៃការធ្វើទំនើបកម្មក្នុងកងទ័ព ហើយដំណើរការនៃទំនើបកម្មនេះនឹងក្លាយទៅជាផ្នែកមួយដ៏សំខាន់បន្ថែមទៀត នៃកិច្ចការកែទម្រង់កងទ័ព ដែលបាននឹងកំពុងអនុវត្តដោយសម្រេចបាននៅសមិទ្ធផលជាច្រើនរួចមកហើយ រហូតមកដល់បច្ចុប្បន្ននេះ។ ដូច្នេះទាំងថ្នាក់ដឹកនាំ និងសិក្ខាកាម ត្រូវខិតខំបន្តសិក្សាស្រាវជ្រាវ ដុសខាត់ចំណេះដឹងឱ្យបានជាប់ជាប្រចាំ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ទាំងក្នុងពេលចំពោះមុខ និងតទៅអនាគត៕