(ភ្នំពេញ)៖ លោក ឡាវ ភីត ម៉េង (Lau Peet Meng) ប្រធានស្ថាប័នចារកម្មស៊ីវិលសិង្ហបុរី បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺជាមេដឹកនាំមួយរូប ដែលបានចូលរួមចំណែករកសន្តិភាពសម្រាប់តំបន់ និងពិភពលោក។
លោក ឡាវ ភីត ម៉េង បានគូសរំលេចបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក ឡាវ ភីត ម៉េង បានសម្តែងគោរពចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ រួមមានការដឹកនាំអភិវឌ្ឍន៍ជាតិ រួមជាមួយនឹងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
សម្រាប់ការដឹកនាំជាតិ លោក ឡាវ បានរំលឹកថា លោកធ្លាប់បានមកកម្ពុជាកាលពីឆ្នាំ២០២០ តែសម្រាប់២០២៣នេះ លោកសង្កេតឃើញថា មានការរីកចម្រើនខុសប្លែកគ្នាច្រើន ជាមួយការរក្សាបាននូវស្ថេរភាព និងសុខសន្តិភាព។
លោក ឡាវ បានសម្តែងការអបអរសាទរជូនសម្តេចតេជោ ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ បានជោគជ័យចំពេលពិភពលោកកំពុងប្រឈមបញ្ហាជំងឺកូវីដ១៩ វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា សង្គ្រាមនៅអ៊ុយក្រែន និងបញ្ហានៅសមុទ្រចិនខាងត្បូងជាដើម។
លោក អ៊ាង សុផល្លែត បានគូសរំលេចបែបនេះថា «ឯកឧត្តម ឡាវ បានលើកឡើងថា សម្តេចតេជោ មិនត្រឹមតែបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមចំណែករកសន្តិភាពសម្រាប់តំបន់ និងពិភពលោកផងដែរ»។
ក្នុងជំនួបនោះ លោក ឡាវ ក៏បានសុំអនុសាសន៍សម្តេចតេជោ ជុំវិញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរីផងដែរ។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី បានអរគុណលោក ឡាវ សម្រាប់ការវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមលើវឌ្ឍនភាពសង្គម និងកិច្ចប្រជុំកំពូលអាស៊ាន ដែលដឹកនាំដោយកម្ពុជា។
សម្តេចតេជោ បានលើកឡើងថា ភាពជោគជ័យរបស់អាស៊ានកាលពីឆ្នាំ២០២២ គឺបានមកពីការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់។ សម្តេចតេជោ ក៏បានអរគុណសិង្ហបុរី ដែលបានចូលរួមធ្វើកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។
សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំលើកទឹកចិត្តឱ្យជំរុញការតភ្ជាប់រវាងកម្ពុជា និងសិង្ហបុរី ជាពិសេសតាមផ្លូវអាកាស។ សម្តេចតេជោ ក៏ចង់ឃើញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការអប់រំ និងសុខាភិបាលផងដែរ៕