(កោះកុង)៖ សិស្សនិស្សិតក្រីក្រចំនួន១៦រូប បានទទួលអាហារូបករណ៍ពីក្រុមការងារ អ.ម.តសាខាខេត្តកោះកុង។ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ទីស្នាក់ការក្រុមការងារ អ.ម.ត ខេត្តកោះកុង ត្រូវបានដាក់ឲ្យប្រើប្រាស់ ព្រមទាំងប្រកាសផ្តល់អាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធាន អ.ម.ត ជូនសិស្សក្រីក្រទាំងនោះផងដែរ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង និងជាប្រធានក្រុមការងារគ្រប់គ្រងសិស្សនិស្សិត អ.ម.ត ខេត្ត តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត រួមទាំងក្រុមការងារសិស្សនិស្សិតជាច្រើនរូប។

លោក ហាក់ ឡេង បានថ្លែងថា លោក និងក្រុមការងារមានសេចក្តីសោមនស្សរីករាយក្រៃលែង ក្រោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់អាហារូបករណ៍ជូនដល់សិស្ស និស្សិតក្រីក្ររៀនសូត្របន្តសម្រាប់ឆ្នាំ២០២៣ ចំនួន១៦រូប។

លោក ហាក់ ឡេង បានបន្ថែមថា ដើម្បីឆ្លើយតប និងសម្តែងការអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកបណ្ឌិត ហ៊ុន ម៉ាណែត សូមឲ្យប្អូនៗជាសិស្សនិស្សិតទាំងអស់ខិតខំយកចិត្តទុកដាក់ ក្នុងសិក្សាដើម្បីអនាគតក្រុមគ្រួសារ និងអនាគតប្រទេសជាតិ និងតបស្នងសងគុណដល់សម្តេច។

លោកបានបញ្ជាក់ថា សិស្សនិស្សិតដែលទទួលអាហារូបករណ៍តាំងពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្នមានចំនួន៥៥នាក់ ក្នុងនោះស្រីមានចំនួន២៤ នាក់ដែលបានសិក្សានៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្ត (UME) និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPlC) ខេត្តកោះកុង ហើយឆ្នាំ២០២៣ យើងត្រូវបានផ្ដល់អាហារូបករណ៍ជូនសិស្សក្រីក្រមានចំនួន១៦នាក់ ដែលត្រូវទៅសិក្សានៅសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច (UME) ចំនួន ៦នាក់ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ខេត្តកោះកុងចំនួន ១០នាក់។

លោកសូមជូនដំណឹងដល់សិស្សនិស្សិតដែលមានជីវភាពខ្វះខាត ក្នុងក្រុមគ្រួសារហើយចង់បន្តការសិក្សាសូមប្អូនៗមកទំនាក់ទំនងក្រុមការងារ អ.ម.ត ខេត្តកោះកុង ដែលមានទីស្នាក់ការស្ថិតនៅឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុង។

តំណាងសិស្សនិស្សិតក្រីក្រទទួលបានអាហារូបករណ៍ អ.ម.ត បានធ្វើការប្តេជ្ញាចិត្តថា មានសន្តិភាព មានស្ថេរភាព មានសេរីភាពមានធនធានមនុស្សដើម្បីឆ្លើយតបថ្លែងអំណរគុណដល់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដល់សិស្សនិស្សិតក្រីក្រខ្វះខាតក្នុងជីវភាពគ្រួសារ បន្តការសិក្សាដោយមិនតម្រូវបង់ថវិកាជូនសាលាឡើយ និងបានសិក្សារហូតដល់បញ្ចប់ការសិក្សា។

ដូច្នេះក្រុមនិស្សិតក្រីក្រដែលទទួលបានអាហារូបករណ៍ អ.ម.ត ត្រូវខិតខំសិក្សាបង្កើនចំណេះដឹង និងធនធានមនុស្សដើម្បីអនាគតខ្លួនឯងនិងអភិវឌ្ឍន៍ប្រទេសជាតិពីយើងទាំងអស់គ្នាគឺជាអ្នកបន្តវេនពីព្រឹទ្ធាចារ្យចាស់ៗ៕