(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលស្ថាប័នមនុស្សធម៌ដ៏ធំនៅកម្ពុជា និងជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានបោះជំហានទៅមុខកាន់តែរឹងមាំ ប្រកបដោយភាពម្ចាស់ការលើខ្លួនឯងក្នុងបេសកកម្មមនុស្សធម៌។

ជាក់ស្ដែងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ដព្រះសីហនុ និងសាខាកាកបាទក្រហមកម្ពុជាខេត្ដស្ទឹងត្រែង បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជួយពង្រឹងសមត្ថភាព និងលទ្ធភាពក្នុងការឆ្លើយតបភ្លាមៗនឹងតម្រូវរបស់ប្រជាជនងាយរងគ្រោះ។

ពិធីចុះអនុស្សារណៈនេះបានធ្វើឡើងក្រោមអធិបតីភាព លោកស្រីកិត្ដិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងលោកស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ លោកស្រីកិត្ដិសង្គហបណ្ឌិត បានថ្លែងថា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមពាំនាំនូវការកោតសរសើរ ចំពោះសាខាទាំងពីរនេះ ដែលមានគំនិតផ្ដួចផ្ដើម ព្រមព្រៀងគ្នារៀបចំឱ្យមានជាអនុស្សរណៈនេះ បានបង្ហាញពីភាពចេះជួយគ្នាទៅវិញទៅមក។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ពិតជាមានភាពសប្បាយចិត្ដណាស់ ហើយក៏សោកស្ដាយផងដែរ ដែលមិនបានចូលរួមដោយផ្ទាល់។

លោកស្រីកិត្ដិសង្គហបណ្ឌិត បានបន្ដថា នេះជាលើកទី១ហើយ ដែលសាខាកាកបាទក្រហមកម្ពុជា បានចាប់គ្នាពង្រឹងគុណភាពសមត្ថភាព និងលទ្ធភាពក្នុងការឆ្លើយតបជាមួយប្រជាពលរដ្ឋ ឱ្យកាន់តែទាន់ពេលវេលា ពេលជួបគ្រោះមហន្ដរាយនានា ដែលកន្លងតែងតែឆ្លើយតបសម្រាប់តែក្នុងខេត្ដរៀងៗខ្លួន។ ការសហការគ្នានេះជាជំហានថ្មីមួយទៀត ដើម្បីលើកកម្ពស់សាមគ្គីភាព ជួយគ្នាទៅវិញទៅមកលើផ្នែកធន់ធាន បច្ចេកទេស ផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងបទពិសោធន៍ តាមរយៈការអនុវត្ដយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានវិស័យអាទិភាពចំនួន៤។

លោកស្រីកិត្ដិសង្គហបណ្ឌិត ឃួន សុដារី បានគូសបញ្ជាក់ថា «នេះជាគម្រោងឈានមុនមួយ ដែលចែករំលែកក្នុងសមាគមជាតិយើង រវាងសាខាដែលមានលទ្ធភាពច្រើន ជួយដល់សាខាដែលមានលទ្ធភាពតិច នេះក៏ជាការសម្រាលបន្ទុករបស់ស្នាក់ការកណ្ដាល។ ស្នាក់ការកណ្ដាលមានសេចក្ដីសោមនរីករាយ ហើយទោះជាសាខាទាំងពីរជួយគ្នាទៅវិញមកក៏ដោយ ស្នាក់ការកណ្ដាលនៅតែយកចិត្ដទុកដាក់ ជួយធ្វើអន្ដរាគមដដែល នៅពេលដែលមានតម្រូវការចំបាច់ គឺនៅតែជំហរផ្ដល់ផ្នែកបច្ចេកទេស និងជាខ្នងបង្អែកក្នុងការកសាងសមត្ថភាពរបស់សាខានីមួយៗឱ្យមានភាពធន និងបរិយាបន្ន»

សូមជូនពរឱ្យកិច្ចសហប្រតិបត្ដិការនេះឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ដែលការចុះហត្ថលេខានៅថ្ងៃនេះ គឺជាការអនុវត្ដជាក់ស្ដែងតែម្ដង ។ការចុះអនុស្សរណៈនេះ លោកស្រីកិត្ដិសង្គហបណ្ឌិត ក៏បានលើកទឹកចិត្ដទៅដល់បណ្ដាសាខាផ្សេងៗទៀត រួមសហការគ្នាដូចខេត្ដទាំងពីរខាងលើនេះ។

តាមរយៈលោកស្រីកិត្ដិសង្គហបណ្ឌិត ឃួន សុដារី ក៏បានថ្លែងអំណរអរគុណ ចំពោះសាខាទាំងពីរ និងពាំនាំនូវការថ្លែងអំណរគុណរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន រួមទាំងវិស័យឯកជន ដែលតែងតែចូលរួមបរិច្ឆាគថវិកា ជួយដល់ការពង្រឹងសមត្ថភាពសាខា ឱ្យមានធនធានហិរញ្ញវត្ថុសម្រាប់ធ្វើប្រតិបត្ដិការនៅក្នុងសាខានីមួយៗ។

ការចុះអនុស្សារណៈនេះ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើង ក្នុងការជួយសម្រាលការលំបាលជូនប្រជាពលរដ្ឋងាយរងគ្រោះនៅក្នុងភូមិសាស្ដ្រនៃទឹកដីខេត្ដស្ទឹងត្រែង ភាគច្រើនមានកង្វះទឹកស្អាតសម្រាប់ប្រើប្រាស់ ត្រៀមឆ្លើយតបជំងឺរាតត្បាតផ្សេងៗ រួមទាំងគ្រោះមហន្ដរាយធម្មជាតិ ដូចជាទឹកជំនន់ជាដើម។ ដោយការចុះអនុស្សារណៈនេះ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានប្រគល់ថវិកាចំនួន ១ម៉ឺនដុល្លារ ជូនប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដើម្បីឆ្លើយតបភ្លាមៗតាមតម្រូវការប្រជាពលរដ្ឋ។

គួររម្លឹកថា កាលដើមឆ្នាំ២០២២ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក៏បានប្រគល់ថវិកាចំនួន ១ម៉ឺនដុល្លារ ជូនប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ផងដែរ មុននឹងមានការចុះហត្ថលេខាលើអនុស្សរណៈខាងលើនេះ៕