(ក្រចេះ)៖ លោក វ៉ា ថន អភិបាខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ និងលោកស្រី នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ ព្រមទាំងយុវជន រួមគ្នាជាចលនាក្នុងការបត់រូបបេះដូង ដើម្បីសម្តែងការសាទរ និងចូលរួមលើកទឹកចិត្តចំពោះកីឡាករអត្តពលិក ដែលបាននិងកំពុងត្រៀមចូលរួមក្នុងព្រឹត្តិការស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធើ្វជាម្ចាស់ផ្ទះ។

លោក ភឹម ភីរ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ បានគូសបញ្ជាក់ថា «ចលនាពេលនេះ គឺជាការចូលរួមអប់អរសាទរ នៃព្រឹត្តិការកីឡាប្រវត្តិសាស្រ្តរបស់ប្រជាជាតិកម្ពុជា និងដើម្បីបំផុសស្មារតីដល់យុវជន សាធារណៈជន។ ប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ ឲ្យចូលរួមគាំទ្រស្រលាញ់ និងគាំទ្រវិស័យកីឡារនៅកម្ពុជា និងជាពិសេសដើម្បីចូលរួមលើកទឹកចិត្តដល់កីឡាករតំណាងឲ្យជាតិកម្ពុជា ដែលបាននិងកំពុងត្រៀមចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាប្រវត្តិសាស្រ្តនេះ ដែលជាមុខមាត់របស់ប្រទេសកម្ពុជា បើទោះបីជាការប្រកួកទទួលបានជយ័ជម្នះក្តី និងមិនទទួលបានជយ័ជម្នះក្តី ក៏មិនមានបាក់ទឹកចិត្ត ឬអាក់អន់ចិត្តនោះឡើយ គឺកីឡានាំមកនូវសុខភាព និងការទំនាក់ទំនង»។

លោកបន្តថា សម្រាប់ខេត្តក្រចេះ គ្រោងបត់បេះដូង ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កីឡាករ អត្តពលិកក្នុងរង្វង់១០ម៉ឺនបេះដូង។ ពេលនេះទទួលបាន៥ម៉ឺនបេះដូងរួចមកហើយ។ លោកក៏បានជំរុញស្នើសុំ លើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន សូមឲ្យចូលរួមគាំទ្រ និងលេងកីឡារឲ្យបានគ្រប់គ្នា និងចូលរួមគាំទ្រនូវគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្នើមដឹកនាំនាវា នៃកម្ពុជាឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើកគ្រប់វិស័យ៕