(ភ្នំពេញ)៖ លោក ឃួង ស្រេង បានលើកឡើងថា មានសន្តិភាព ទើបអាចអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចំរើន និងមានឱកាសគ្រប់គ្រាន់ ក្នុងក្រេបជញ្ជក់យកចំណេះដឹង បង្កើតបាននូវធនធានមនុស្សដ៏សំខាន់។ ដូច្នេះត្រូវរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាពនេះ។
នេះជាការលើកឡើង របស់លោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអភិបាលរាជធានីភ្នំពេញ ខណៈលោកអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាប័ត្រលើកទី២៩ ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យអន្តរជាតិ ខណ្ឌសែនសុខ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
លោក ឃួង ស្រេង បានលើកឡើងថា ពួកអគតិមួយចំនួន បានចោទប្រកាន់ថា បញ្ញាបត្រដែលរៀន និងផ្ដល់ជូននៅកម្ពុជាគ្មានគុណភាព។ ការចោទប្រកាន់បែបនេះ គឺជាការចោទប្រកាន់ដែរ មិនអាចទទួលយកបាន។ នេះជាការមើលស្រាលទៅដល់លោកគ្រូអ្នកគ្រូនឹងសិស្សានុសិស្ស និងនិស្សិតរបស់យើង ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ។
លោកថា ថ្ងៃនេះគឺជាទឹកតាងដែលបញ្ជាក់ពីការខិតខំប្រឹងប្រែងក្រេបយកចំណេះដឹង ដ៏មានតម្លៃដ៏ធំធេងរបស់ប្អូនៗ។ ប្អូនៗត្រូវដឹងថាយើងបានចេញពីប្រភពណា យើងត្រូវដឹងគុណពីវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបានលះបង់គ្រប់យ៉ាង សូម្បីតែអាយុជីវិត ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋរបស់យើង។
លោកបន្ដថា យើងពិតជាមានសំណាង ដែលមានថ្នាក់ដឹកនាំមានទឹកចិត្តធ្វើឲ្យប្រទេសជាតិ មានភាពរីកចម្រើនជឿនលឿន បើទោះបីប្រទេសកម្ពុជាបានងើបឡើងពីចំណុចសូន្យ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតក៏ដោយ។
លោក ឃួង ស្រេង បន្តទៀតថា បន្តមកសម្ដេចបានស្វះស្វែងរកសន្តិភាពពេញផ្ទៃប្រទេស និងធ្វើការអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើន។ ផ្ដើមចេញពីរឿងអស់ទាំងនេះហើយ ដែលធ្វើឲ្យយើងមានឱកាសបានសិក្សារៀនសូត្រ មានចំណេះដឹង បង្កើតនូវធនធានមនុស្សដ៏សំខាន់នេះ។
លោក ឃួង ស្រេង ចង់ឲ្យប្រជាពលរដ្ឋម្នាក់ ជាអ្នកការពារសច្ចធម៌ម្នាក់។ ការពារសម្ដេចតេជោ ហ៊ុន សែន គឺការពារសច្ចធម៌។ ដូច្នេះយើងត្រូវរួមចំណែកអ្វីខ្លះ ដើម្បីការពារសន្តិភាព។ យើងអាចការពារសន្តិភាព បានមានតែយើងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ស្មើនឹងការគាំទ្រសម្តេចធ្វើជានាយករដ្ឋមន្ត្រី។
ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យមហាបរិញ្ញា បណ្ឌិតសាបូ អូហ្សាណូ សាលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ បានគូសបញ្ជាក់ថា សាកលវិទ្យល័យអន្តរជាតិ គឺជាគ្រឹះដ្ឋានឧត្តមសិក្សា ឯកជនដំបូងមួយ ដែលបានបង្កើតឡើងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០២។
លោកថា ចំពោះនិស្សិតជាជ័យលាភី ដែលត្រូវទទួលបរិញ្ញាបត្រនាពេលនេះ មានថ្នាក់ឱសថការីមធ្យម ថ្នាក់បរិញ្ញាប័ត្ររង គិលាននុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍ និងទន្តគិលានុបដ្ឋាក សរុប៤៦១នាក់ ស្រី២៩៨នាក់។
លោកសាកលវិទ្យាធិការ បញ្ជាក់ទៀតថា ដើម្បីលើកកម្ពស់គុណភាពអប់រំ សាកលវិទ្យាលយ័អន្តរជាតិ បានធ្វើកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ក៏ក្រសួងស្ថាប័នជាច្រើនរបស់រារដ្ឋាភិបាល និងបណ្តាប្រទេសជាមិត្តជាច្រើនទៀត។
លោកថា និស្សិតរបស់សាកលវិទ្យាល័យអន្តរជាតិ រហូតមកដល់ពេលនេះ មានការងារធ្វើ៧៦% និស្សិតកំពុងប្រកបមុខរបរខ្លួនឯងមាន២៤% និស្សិតដែលធ្វើការត្រូវជំនាញចំនួន៨៦% និងមិនត្រូវជំនាញចំនួន១៤%។ សាកលវិទ្យាល័យ បានកំណត់ថា គុណភាពអប់រំ គឺជាមូលដ្ឋានគ្រឹះតែមួយគត់ ដែលកំណត់ពីចេរភាពរបស់សាកលវិទ្យាល័យ៕