(កំពង់ស្ពឺ)៖ លោកបណ្ឌិត ណុប រតនា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងការងារគណបក្សប្រជាជនកម្ពុជា ស្រុកសំរោងទង និងជាប្រធានគណៈពង្រឹងការងារឃុំសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះ បាននាំយកនូវសមិទ្ធផល និងស្នាដៃលេចធ្លោមួយចំនួនកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា ទៅបង្ហាញជូនសមាជិក សមាជិកាបក្ស ក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជំនួបនោះធ្វើឡើងក្នុងគោលដៅសំខាន់ផ្សព្វផ្សាយលទ្ធផល និងសេចក្តីសម្រេចចិត្តទាំងឡាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងមហាសន្និបាតវិសាមញ្ញនាថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣។ លទ្ធផល និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាត ត្រូវបានអាន និងចែកចាយជូនសមាជិក សមាជិកា ដែលបានចូលរួម។
បន្ថែមពីលើលទ្ធផល និងសេចក្តីសម្រេចដែលបានចែកជូនហើយោះ លោកបណ្ឌិត ណុប រតនា ក៏បានលើកបង្ហាញពីការវិវឌ្ឍន៍លើស្ថានការណ៍នានានៅក្នុងសង្គម នយោបាយ ក៏ដូចជាការវិវឌ្ឍន៍នៃស្ថានការណ៍អន្តរជាតិផងដែរ។
ពាក់ព័ន្ធការវិវឌ្ឍន៍ស្ថានការណ៍ក្នុងស្រុក លោកបណ្ឌិត ណុប រតនា បានលើកបង្ហាញពីសមិទ្ធផលលេចធ្លោមួយចំនួនក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រយោជន៍សម្រាប់សង្គម និងប្រជាជនកម្ពុជា ហើយក៏បានលើកកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ។
ភាពជោគជ័យដែលលោកបណ្ឌិត ណុប រតនា បានលើកមកបង្ហាញនោះ គឺការយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ១៩ បានយ៉ាងឆាប់រហ័ស និងភាពជោគជ័យរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាននាឆ្នាំ២០២២។ សម្រាប់លោក ណុប រតនា ភាពជោគជ័យលើរឿងទាំងពីរនេះ បាននាំឱ្យកិត្តិនាមកម្ពុជាខ្ទរខ្ទារលើឆាកអន្តរជាតិ។
លោក ណុប រតនា បានគូសរំលេចថា «គេទទួលស្គាល់ស្នាដៃសម្តេចតេជោ ហ៊ុន សែន ទទួលស្គាល់កម្ពុជាជាប្រទេសរីកចម្រើនជឿនលឿន និងជាប្រទេសមានកិត្យានុភាពខ្លាំងក្លាលើពិភពលោក។ កត្តាដែលនាំឱ្យកម្ពុជាមានកិត្យានុភាពនេះ គឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទទួលបានជោគជ័យលឿនរហ័ស ធ្វើឱ្យកម្ពុជាបើកសកម្មភាពក្នុងប្រទេសឡើងវិញ»។
ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លោកបណ្ឌិត ណុប រតនា បានលើកបង្ហាញការងារដ៏ជោគជ័យលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ។ លោកបណ្ឌិត បានលើកបង្ហាញថា សម្តេចតេជោ បានរិះរកគ្រប់វិធីក្នុងការរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដ៏ច្រើនសម្រាប់ចាក់ជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា និងមិនយកប្រាក់។ គោលការណ៍សម្តេចតេជោ ធ្វើបានត្រឹមត្រូវ និងម៉ត់ចត់ ជាពិសេស មានការចាត់តាំងច្បាស់លាស់ទាំងថ្នាក់ជាតិ ក្រោមជាតិ និងនៅតាមមូលដ្ឋាន។
«ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ ដំបូងឡើយមានប្រទេសច្រើនណាស់ គេពេបជ្រាយឱ្យយើងជាប្រទេសខ្សោយផ្នែកសុខាភិបាល នឹងលំបាកយកឈ្នះលើជំងឺកូវីដ១៩។ ចុងក្រោយពួកគេភ្លឺភ្នែក ប្រទេសតូច ប្រទេសខ្សោយផ្នែកសុខាភិបាល តែអាចការពារអាយុជីវិតប្រជាពលរដ្ឋបានល្អ រកវ៉ាក់សាំងចាក់បានលឿន យកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ បានលឿន បើកសកម្មភាពសង្គមឡើងវិញ បានលឿន»។ នេះជាការគូសរំលេចរបស់លោកបណ្ឌិត ណុប រតនា។
ក្នុងឱកាសនោះ លោកបណ្ឌិត ក៏បានគូសរំលេចពីភាពជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនកាលពីឆ្នាំ២០២២ផងដែរ។ ការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ គឺចំពេលស្ថានការណ៍តំបន់ និងពិភពលោក កំពុងប្រឈមភាពស្មុគស្មាញជាច្រើន បណ្តាលមកពីវិបត្តិជំងឺកូវីដ១៩ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងវិបត្តិសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនជាដើម។
លោកបណ្ឌិត ណុប រតនា បានគូសរំលេចថា «ទោះបីប្រឈមភាពស្មុគស្មាញដ៏ច្រើនបែបនេះក្តី តែកម្ពុជាអាចដឹកនាំកិច្ចប្រជុំនេះបានជោគជ័យល្អ។ សំណុំឯកសារជាង ១០០ត្រូវបានអនុម័ត ហើយមេដឹកនាំធំៗតំបន់ និងលើពិភពលោក បានអញ្ជើញមកចូលរួមកិច្ចប្រជុំនៅកម្ពុជា»។
លោកបណ្ឌិតបន្ថែមថា «ជោគជ័យនេះដោយសារភាពឈ្លាសវៃខាងការទូតរបស់សម្តេចតេជោ បានធ្វើឱ្យមេដឹកនាំធំៗលើពិភពលោកស្កាត់ជួបសម្តេច ដើម្បីពិភាក្សាការងារទ្វេភាគី តំបន់ និងលើពិភពលោក»។
ក្រៅតែពីលើកបង្ហាញស្នាដៃលេចធ្លោនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាំឱ្យកិត្តិនាមរបស់កម្ពុជា ត្រូវខ្ទរខ្ទារលើឆាកអន្តរជាតិហើយនោះ លោកបណ្ឌិត ណុប រតនា ក៏លើកបង្ហាញពីនយោបាយការពារជាតិរបស់គណបក្សប្រជាជនកម្ពុជា ដែលសម្រេចក្នុងមហាសន្និបាតផងដែរ។
លោកបណ្ឌិត បានគូសបញ្ជាក់ថា នយោបាយការពារជាតិរបស់បក្សប្រជាជនកម្ពុជា ឈរលើអាទិភាព៤យ៉ាង រួមមាន បន្តការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា, បន្តអនុវត្តន៍នយោបាយការបរទេសឯករាជ្យ អធិបតេយ្យ និងមិនចូលបក្សសម្ព័ន្ធ, រួមចំណែកសកម្មភាពជាមួយតំបន់ និងពិភពលោក និងលើកកម្ពស់ការទូតសេដ្ឋកិច្ច ជាមួយប្រទេសជាមិត្តទាំងចាស់ និងថ្មី។
នយោបាយការពារជាតិនេះ សម្តេចតេជោ ប្រកាសប្រកាន់យកគោលការណ៍ «៧មិន» រួមមាន ១៖ មិនគាំទ្រការប្រើប្រាស់កម្លាំង ឬគំរាមប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ, ២៖ មិនគាំទ្រដល់ការឈ្លានពានដល់រដ្ឋមានឯករាជ្យ និងអធិបតេយ្យជាតិ, ៣៖ មិនគាំទ្រចលនាបំបែករដ្ឋ ឬទៅបំបែករដ្ឋណាមួយ, ៤៖ មិនគាំទ្រការកាត់យកទឹកដីពីរដ្ឋអធិបតេយ្យ, ៥៖ មិនជ្រៀតជ្រែក និងមិនគាំទ្រដល់សកម្មភាពជ្រៀតជ្រែកផ្ទៃក្នុងប្រទេសដទៃ, ៦៖ មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជា ហើយកម្ពុជា ក៏មិនទៅបោះមូលដ្ឋាននៅប្រទេសដទៃនោះដែរ លើកលែងតែកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គកាសហប្រជាជាតិ និងទី៧៖ មិនចូលរួមជាមួយប្រទេស ឬក្រុមប្រទេសណាមួយ ប្រឆាំងនឹងប្រទេសណាមួយ ឬក្រុមប្រទេសណាមួយទៀតនោះឡើយ។
ក្នុងឱកាសនោះ លោកបណ្ឌិត ណុប រតនា ក៏បានលើកបង្ហាញពីសកម្មភាពទុច្ចរិតមួយចំនួនរបស់សកម្មភាពគណបក្សប្រឆាំង និងការផ្សព្វផ្សាយផ្ទុយពីការពិតរបស់វិទ្យុ VOD ដែលនាំឱ្យមានការចាត់វិធានការច្បាប់។
ទន្ទឹមនេះលោកបណ្ឌិត បានអំពាវនាវដល់សមាជិក សមាជិកាបក្ស បង្កើនសកម្មភាពចុះជួបប្រជាពលរដ្ឋ និងពន្យល់ប្រជាពលរដ្ឋ ឱ្យគាត់ស្តាប់ និងមើលអ្វីដែលឆ្លុះបញ្ចាំងពីតថភាពពិតនៅកម្ពុជា។ កុំជឿតាមការឃោសបំបែកបំបាក់នានា។
លោកបន្តថា «ធ្វើយ៉ាងណារក្សាឱ្យបានគត់មុតនូវសន្តិភាព។ សន្តិភាព ជាពាក្យពីរមាត់ស្រួលនិយាយ តែការរកសន្តិភាព និងថែរក្សាសន្តិភាព គឺជារឿងលំបាក។ ដូច្នេះត្រូវរួមគ្នាថែរក្សាសន្តិភាព ដើម្បីប្រជាពលរដ្ឋរស់នៅបានសុខក្សេមក្សាន្ត»៕