(ភ្នំពេញ)៖ ម្ចាស់រថយន្ដ២គ្រឿង ត្រូវសមត្ថកិច្ចឃាត់ និងធ្វើកិច្ចសន្យាអប់រំ បន្ទាប់ពីបានបើកបរបញ្ច្រាសទិសលើផ្លូវល្បឿនលឿន ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកដទៃ។ បន្ទាប់ពីឃាត់ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពហើយនោះ សាមីខ្លួនអ្នកបើកបរទាំងពីរនាក់នេះ បានធ្វើការសុំទោសជាសាធារណៈ និងទទួលស្គាល់កំហុសឆ្គងរបស់ខ្លួន។

តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ, អ្នកបើកបរទាំងពីរនាក់ បានអះអាងដូចគ្នាថា ពួកគេនឹងមិនបើកបរបញ្ច្រាសទិសលើផ្លូវល្បឿនលឿនទៀតនោះឡើង ហើយក្នុងករណីមានលើកក្រោយ នឹងឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់តែម្ដង។

អ្នកបើកបរទាំងពីរនាក់នេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀត ពិសេសអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន សូមកុំយកគំរូតាមខ្លួន ព្រោះសកម្មភាពនេះ ពិតជាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកដទៃដែលមិនដឹងអី។

តាមរយៈអ្វីដែលធ្លាប់កើតមានឡើងនៅលើផ្លូវល្បឿនលឿន ពិសេសគ្រោះថ្នាក់ចរាចរណ៍ លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការកត់សម្គាល់ថា អ្វីដែលអ្នកបើកបរបញ្ច្រាសទិសធ្វើការសុំទោសនេះ ជារឿងមួយដោយឡែកប៉ុណ្ណោះ ប៉ុន្ដែអ្វីដែលជាការព្រួយបារម្ភរបស់សមត្ថកិច្ចគ្រោះថ្នាក់ទៅវិញទេ។

នាយនគរបាលជាន់ខ្ពស់រូបនេះ បានទាញហេតុផលថា អ្នកបើកបរភាគច្រើនសុទ្ធសឹងតែជាមេគ្រួសារ ជាបង្គោលក្នុងគ្រួសារ ចុះបើការបើកបរមិនគោរពច្បាប់ ធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ ពិសេសអ្នកដែលរួមដំណើរជាមួយ ឬខ្លួនឯង រហូតបាត់បង់ជីវិត តើស្ថានភាពគ្រួសារ ប្រពន្ធ កូនដែលរង់ចាំប្ដី ឪពុកនៅផ្ទះទៅជាយ៉ាងណា? ហើយរងនូវផលប៉ះពាល់កម្រិតណា។

លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ បានកត់សម្គាល់ថា ការឃាត់ណែនាំ និងធ្វើកិច្ចសន្យាអប់រំ គឺអាចធ្វើឡើងនៅពេលដែលមិនទាន់មានគ្រោះថ្នាក់ប៉ុណ្ណោះ ចុះប្រសិនបើគាត់បើកបរបញ្ច្រាសធ្វើឲ្យមានគ្រោះថ្នាក់ តើសមត្ថកិច្ចអាចមានឱកាសដើម្បីធ្វើការអប់រំដល់គាត់ដែលជាអ្នកបើកបរដែរឫទេ? ទាំងអស់នេះហើយជាអ្វីដែលសមត្ថកិច្ច ចង់ឲ្យអ្នកប្រើប្រាស់ផ្លូវសាធារណៈទាំងអស់ រួមទាំងអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន បានយល់។

លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ បានក្រើនរំលឹកទៀតថា មុនពេលអ្នកបើកបរទាំងអស់ត្រូវឡើងប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ហើយត្រូវសួរខ្លួនឯងថា យើងអាចកាន់ចង្កូតបើកបរលើផ្លូវល្បឿនលឿនបានដែរឫទេ? តើយើងស្គាល់គន្លងផ្លូវដែរឫទេ? តើអំពីការប្រើប្រាស់ល្បឿនដែរឫទេ។ មួយវិញទៀត ត្រូវចេះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដឲ្យបានគ្រប់គ្រាន់៕

លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ