(ភ្នំពេញ)៖ ក្រុមកីឡាករបាល់ទះជំរើសជាតិកម្ពុជា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់អនុសាសន៍ល្អៗ ទាំងបច្ចេកទេសនៃការលេង និងការសាមគ្គីគ្នា នៅក្នុងក្រុម ដើម្បីឈានទៅទទួលជោគជ័យជាបន្ដបន្ទាប់ទៀត នៅពេលមានការប្រកួតនាពេលខាងមុខ។
តាមរយៈវីដេអូថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមកីឡាករបាល់ទះរបស់កម្ពុជា ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការហ្វឹកហាត់បន្ដទៀត ដើម្បីឈានទៅដណ្ដើមជោគជ័យ ក្នុងព្រឹត្តិការណ៍ស៉ីហ្គេមនាពេលខាងមុខ។
ក្រុមកីឡាករបាល់ទះជំរើសជាតិរបស់កម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបាទ យើងខ្ញុំទាំងអស់គ្នា សូមគោរពអរគុណសម្ដេចតា ដែលសម្ដេចតាបានលើកទឹកចិត្ត បានផ្ដល់ឱវាទ បច្ចេកទេសក្នុងការលេង។ ចៅៗទាំងអស់គ្នា នឹងប្ដេជ្ញាចិត្តហ្វឹកហាត់បន្ដទៀត ដើម្បីឈានទៅដណ្ដើមជោគជ័យក្នុងព្រឹត្តិការណ៍ស៉ីហ្គេមនាពេលខាងមុខ សូមគោរពអរគុណសម្ដេចតា»។
សូមរំលឹកថា បន្ទាប់ពីមានប្រសាសន៍ចូលរួមអបអរសាទរប្រកបដោយមោទកភាព ជាមួយក្រុមបាល់ទះជំរើសជាតិរបស់កម្ពុជា ដែលយកឈ្នះក្រុមបាល់ទះ U19 បារាំង ក្នុងជំនួបមិត្តភាពជាថ្មីម្ដងទៀតនោះ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដាំផ្ញើទៅក្រុមបាល់ទះរបស់កម្ពុជា ត្រូវពង្រឹងស្មារតីជាក្រុម ហើយមិនត្រូវមានជំងឺតួឯកឡើយ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង៥ពាន់នាក់ របស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា ក្នុងជំនួបដែលកម្ពុជាឈ្នះបារាំងនោះ គឺការលេងដោយប្រើនូវបច្ចេកទេសបានយ៉ាងល្អ ខុសពីពេលមុនដែលកីឡាករកម្ពុជាប្រើតែកម្លាំងបាយសុទ្ធសាត មិនសូវលេងបច្ចេកទេស។
ពីអ្នកដែលធ្លាប់លេងកីឡាបាល់ទះនេះ សម្ដេចតេជោ ហ៊ុន សែន បានមើលឃើញទៀតថា កីឡាករបាល់ទះម្នាក់ណាក៏ចង់គប់ដែរ ប៉ុន្ដែអ្នកដែលសំខាន់ហើយបញ្ចប់បញ្ហា គឺជាអ្នកឲ្យបាល់ (ប៉ះសេ) ប្រសិនបើក្នុងចំណោម៦នាក់មិនត្រឹមតែពូកែគប់នោះទេ ប៉ុន្ដែត្រូវពូកែសូវេ និងប៉ះសេបាល់ ជាវិធីមួយដ៏ល្អក្នុងការយកឈ្នះលើគូប្រកួត៕