(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញប្រកាសតែងតាំង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ។ នេះបើតាមប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

នាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា បើមិនមានអ្វីប្រែប្រួលទេនោះ ពិធីប្រកាសចូលកាន់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង។

សូមរំលឹកថា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន មុនប្រកាសតែងតាំងជាស្នងការនគរបាលខេត្តព្រៃវែងនេះ លោកមានតួនាទីជាអធិការនគរបាលស្រុកកោះធំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ហើយក្រោយមកត្រូវបានតែងតាំង ជាអនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ រហូតដល់អំឡុងខែកញ្ញា ឆ្នាំ២០២១ លោកត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លុះនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏ត្រូវបានបញ្ចប់តំណែងពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ដោយអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន។ ទើបនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ចេញប្រកាសតែងតាំងជា ស្នងការនគរបាលខេត្តព្រៃវែងតែម្ដង៕