(ភ្នំពេញ)៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (ក.យ.គ.) បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានបន្តអនុវត្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្មក្នុងក្របខណ្ឌគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ក្នុងគោលដៅកៀរគរកម្លាំងយុវជនជានិស្សិតឱ្យចូលរួមក្នុងសកម្មភាពនានា និងចូលជាសមាជិករបស់ ស.ស.យ.ក. បន្ថែមទៀត ព្រមទាំងលើកកម្ពស់សមត្ថភាព អប់រំសីលធម៌ បណ្ដុះស្មារតីដល់យុវជនឱ្យស្រឡាញ់ជាតិ ស្រឡាញ់សន្តិភាព គាំទ្រលើគោលនយោបាយ និងការដឹកនាំរបស់រាជរដ្ឋាភិបាល។
ការថ្លែងបែបនេះរបស់លោក ស សុខា បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាតំណាងលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សន្និបាតនេះបានប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ព្រមទាំងប្រធាន អនុប្រធាន សមាជិកនៃគណៈដឹកនាំចលនាយុវជនស្មគ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន សរុបចំនួន៤៧៥នាក់។
លោក ស សុខា បានគូសបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាអង្គការមហាជនដ៏ធំមួយ បាននិងកំពុងបំពេញភារកិច្ចស្នូលយ៉ាងសកម្ម ក្នុងការកៀរគរនិងប្រមូលផ្តុំយុវជននៅគ្រប់ទិសទី ដោយមិនប្រកាន់ពណ៌សម្បុរ ជំនឿសាសនា និងនិន្នាការនយោបាយ ដើម្បីចូលរួមជាមួយរាជរដ្ឋា-ភិបាលក្នុងការរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
បន្ថែមពីនេះ លោក ស សុខា បង្ហាញការកត់សម្គាល់ថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួនក្នុងឆ្នាំដំបូងនាឆ្នាំ២០២១ ក្នុងស្ថានភាពដែលពិភពលោកទាំងមូលក៏ដូចជាប្រទេសកម្ពុជា បានជួបនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក៏ពិតមែន ប៉ុន្តែបានឈរលើស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ដោយរិះរកគ្រប់មធ្យោបាយដើម្បីបំពេញភារកិច្ចសម្រេចជោគជ័យគួរឱ្យកត់សម្គាល់។
យោងតាមរបាយការណ៍ ក.យ.គ. ទោះបីជួបបញ្ហាប្រឈមមួយចំនួនបង្កឡើងដោយជំងឺកូវីដ១៩ ក៏ដោយ ក៏ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាបានបំពេញបេសកកម្មទទួលបានលទ្ធផលជោគជ័យជាង ៨១ភាគរយ នៃផែនការសកម្មភាពប្រចាំឆ្នាំ២០២២។
អង្គសន្និបាតជាមានជំនឿថា កត្តាដែលនាំឱ្យក្រុមប្រឹក្សាទទួលបានលទ្ធផលល្អបែបនេះ គឺដោយសារតែមានការគាំទ្រយ៉ាងមុតមាំពីសំណាក់លោក ហ៊ុន ម៉ានី ព្រមទាំងមានការខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សា ការចូលរួមសហការយ៉ាងល្អពីគណៈគ្រប់គ្រងគ្រឹះស្ថានឧត្ដមសិក្សា គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្ដមសិក្សារដ្ឋនិងឯកជនទាំងអស់ ដោយប្រកាន់ខ្ជាប់នូវស្មារតី២ធ្នូ និងគោលការណ៍ស្ម័គ្រចិត្ត។
របាយការណ៍ឱ្យដឹងថា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២ ក.យ.គ. បានបញ្ចូលសមាជិកភាព តាម UYFC App សរុបចំនួន ៣៣ ៩៣៤នាក់។ ទន្ទឹមនឹងនេះដែរ ក្រុមការងារបច្ចេកទេសបានសហការគ្នាកែលម្អនិងធ្វើបច្ចុប្បន្នកម្មនៃប្រព័ន្ធចុះឈ្មោះ ឱ្យដំណើរការដោយរលូន និងមានលក្ខណៈល្អប្រសើរ ស្របតាមតម្រូវការជាក់ស្ដែងដើម្បីសម្រួលដល់ការចុះឈ្មោះឱ្យបានលឿន និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងធានាបាននូវសុវត្ថិភាពនៃការគ្រប់គ្រងទិន្នន័យផងដែរ។
នៅក្នុងឆ្នាំ២០២២កន្លង ក.យ.គ. បានធ្វើកិច្ចសហការល្អជាមួយគ្រឹះស្ថានឧត្តមសិក្សានានា ដើម្បីអភិវឌ្ឍសមត្ថភាពដល់យុវជន តាមរយៈការរៀបចំសិក្ខាសាលាចំនួន ១៧២លើក បាឋកថាចែករំលែកបទពិសោធ៧៦លើក និងបើកវគ្គបណ្តុះបណ្តាលនានាចំនួន៨៩វគ្គ ដោយភ្ជាប់ Logo ស.ស.យ.ក.។ បន្ថែមលើនេះ ក.យ.គ. បានទទួលអាហារូបករណ៍ពី២៩គ្រឹះស្ថានឧត្តមសិក្សា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ៩៥០កន្លែង។ ក.យ.គ. ក៏បានដឹកនាំបំផុសស្មារតី ជំរុញនិងលើកទឹកចិត្តយុវជននៅតាមគ្រឹះស្ថានឧត្តមសិក្សា ឱ្យស្រឡាញ់ ការពារ ថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរ។
ផ្អែកលើសមិទ្ធផលនេះ លោក ស សុខា ក្នុងនាមលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានកោតសរសើរថ្នាក់ដឹកនាំ និងសមាជិកក.យ.គ. ព្រមទាំង គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត គណៈគ្រប់គ្រងគ្រឹះស្ថានឧត្ដមសិក្សា និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនទាំងអស់ដែលបានធ្វើកិច្ចសហការគ្នាបានយ៉ាងល្អ និងខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ការប្ដេជ្ញាចិត្ត និងមានឆន្ទៈមោះមុត ដោយសម្រេចបានលទ្ធផលល្អតាមផែនការកំណត់។
សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ ក.យ.គ. នាឱកាសនេះ មានគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារសម្រេចបាន ចំណុចខ្លាំង បញ្ហាប្រឈម ដំណោះស្រាយ ព្រមទាំងដាក់ចេញនូវទិសដៅការងារបន្ត។ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាត៕