(ភ្នំពេញ)៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាថ្ងៃចុងក្រោយហើយសម្រាប់អតីតបុគ្គលិកវិទ្យុ VOD ក្លាយជាមន្ត្រីរាជការ ក្រោមកិច្ចអនុគ្រោះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ មានអតីតបុគ្គលិក VOD សរុប ២៥នាក់ ក្នុងនោះនារី ៦នាក់ បានទៅដាក់ពាក្យបម្រើការងារក្នុងក្របខណ្ឌរដ្ឋ។
លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ឱសានវាទនៃការទទួលពាក្យនឹងត្រូវបិទបញ្ចប់នៅល្ងាចថ្ងៃនេះ តាមការកំណត់របស់សម្តេចតេជោ។ លោករដ្ឋមន្ត្រី រំពឹងថា នៅថ្ងៃនេះនឹងមានអតីតបុគ្គលរបស់ VOD មកដាក់ពាក្យបន្តទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ថ្ងៃទិវានៃក្តីស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ការងារក្របខណ្ឌមន្ត្រីរាជការជូនដល់អតីតបុគ្គលិករបស់វិទ្យុ VOD ដើម្បីដោះស្រាយការលំបាកក្នុងជីវភាព បន្ទាប់ពីវិទ្យុ VOD ត្រូវបានក្រសួងព័ត៌មានបិទការផ្សាយ ព្រោះការផ្សាយព័ត៌មានខុស និងមិនព្រមកែតម្រូវ ឬសូមទោសជាសាធារណៈចំពោះកំហុសលើការផ្សាយនេះ។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសសម្រាប់ការដាក់ពាក្យចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ នេះតែប៉ុណ្ណោះ។
បន្ទាប់ពីទទួលបានក្តីអនុគ្រោះ និងឱកាសដ៏កម្រនេះ អតីតបុគ្គលិករបស់វិទ្យុ VOD ក៏បានមកដាក់ពាក្យចូលបម្រើការងារក្របខណ្ឌរដ្ឋជាបន្តបន្ទាប់។ បើតាមព័ត៌មានអតីតបុគ្គលិករបស់វិទ្យុ VOD មានចំនួនសរុបជាង ៥០នាក់។ ពេលនេះចំនួនជាងពាក់កណ្តាលហើយ បានដាក់ពាក្យទទួលក្របខណ្ឌរដ្ឋ៕