(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ បានណែនាំដល់បណ្តាអង្គភាពខិតខំយកចិត្តទុកដាក់ក្នុងការតាមដាន និងចូលរួមឱ្យបានសកម្មក្នុងការធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២៣ នៅខែមីនាខាងមុខនេះ ជាមួយកងទ័ពរំដោះប្រជាជនចិន នៅតំបន់ហ្វឹកហ្វឺនភ្នំជុំសែនរីករាយ។
នាយឧត្តមសេនីយ៍ នាង ផាត បានចាត់ទុកការធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២៣ ដែលជាលើកទី៥ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដើម្បីលើកកម្ពស់គុណភាព សមត្ថភាព ពង្រឹងនូវស្មារតីសាមគ្គីភាព មិត្តភាពជាមួយប្រទេសជាមិត្ត។
ការណែនាំបែបនេះ របស់នាយឧត្តមសេនីយ៍ នាង ផាត បានធ្វើឡើងនៅក្នុងឱកាសដែល នាយឧត្តមសេនីយ៍ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងខែកុម្ភៈ និងលើកទិសដៅបន្តសម្រាប់ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្ដីការក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងថ្នាក់ដឹកនាំអង្គភាពក្រោមចំណុះផងដែរ។
នេះបើតាម ការផ្សព្វផ្សាយរបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ តាមបណ្ដាញសង្គមហ្វេសប៊ុក។
លំហាត់សមយុទ្ធនាគមាស រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន បានរៀបចំឡើងនៅក្នុងលើទឹកដីប្រទេសកម្ពុជា ចំនួនលើកទី៤ មកហើយ ចាប់តាំងពីឆ្នាំ២០១៦មក ប៉ុន្តែសមយុទ្ធនេះ បានអាកខានទៅវិញ បន្ទាប់ពីផ្ទុះឡើងនូវការរាតត្បាតជំងឺកូវីដ១៩។
«សមយុទ្ធនាគមាស ២០២០» ដែលជាសមយុទ្ធយោធារួមគ្នាលើកទី៤ ត្រូវបានរៀបចំឡើងនៅឯទីលានបាញ់គ្រាប់ពិតតេជោសែនជុំគីរី ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត កាលពីខែមីនា ឆ្នាំ២០២២ ក្រោមប្រធានបទ៖ «រួមគ្នាប្រឆាំងភារវកម្ម នឹងការងារមនុស្សធ៌ម» ដែលពេលនោះកម្ពុជា មិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍នៅឡើយ។
កម្ពុជា-ចិន បានបង្កើតទំនាក់ទំនងរយៈពេល៦៥ឆ្នាំមកហើយ។ ភាគីទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងជាបន្តបន្ទាប់ រហូតក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយ៕