(ឆ្លូង-ក្រចេះ)៖ ក្រោយពីទទួលបានការសម្រេចរបស់រាជរដ្ឋាភិបាល តាមប្រកាសលេខ៦៩៤៦ ប្រក. ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការបង្កើតភូមិថ្មីចំនួន៣២ ក្នុងស្រុកស្នួល និងស្រុកឆ្លូង នៃខេត្តក្រចេះរួចមក និងដោយអនុវត្តតាមនីតិវិធីរបស់ក្រសួងមហាផ្ទៃ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី បានចុះស្ទាបស្ទង់មតិប្រជាពលរដ្ឋក្នុងការជ្រើសរើសបេក្ខជនប្រធានភូមិព្រែកសណ្តាយ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។
ពិធីនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងភូមិព្រែកសណ្តាយ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់លោកអភិបាលខេត្ត លោក លោកស្រីក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តចុះជួយស្រុកឆ្លូង និងឃុំទាំង៨ ប្រធានគណបក្សស្រុក ប្រធានគណបក្សឃុំ មេឃុំនិងមន្ត្រីអាជ្ញាធរមូលដ្ឋាន និងប្រធាន អនុប្រធាន សមាជិកក្រុមបក្ស ព្រមទាំងបេក្ខជនប្រធានភូមិ សរុបមានអ្នកចូលរួមចំនួនប្រមាណ៥០០នាក់។
បន្ទាប់ពីសេចក្តីរាយការណ៍របស់លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង ពីវឌ្ឍនភាពនៃការងារមូលដ្ឋាន និងដំណើរការនៃការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនប្រធានភូមិរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់ការចូលរូមរបស់ប្រជាជន និងក្រុមការងារគ្រប់លំដាប់ថ្នាក់ដែលខិតខំប្រឹងប្រែងបំពេញការងារបានល្អប្រសើរនាពេលកន្លងមក ជាពិសេសជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២កន្លងមក ដែលនៅឃុំព្រែកសាម៉ាន់នេះ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈទាំងអស់គឺ៧លើ៧។
លោករដ្ឋមន្រ្តីប្រធានក្រុមការងារខេត្តក្រចេះបានបញ្ជាក់ថារាជរដ្ឋាភិបាលសម្រេចបង្កើតភូមិថ្មី ម្បីផ្តល់ឱកាសល្អដល់ការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន។ ដើម្បីឆ្លើយតបបានតាមសំណូមពរនេះ ការជ្រើសរើសបានអ្នកដឹកនាំភូមិល្អមានលក្ខណៈសម្បត្តិសក្តិសមគឺពិតជាមានសារៈសំខាន់បំផុត។
ហេតុនេះ ការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនប្រធានភូមិនៅពេលនេះ គឺជាការអនុវត្តនីតិវិធីប្រជាធិបតេយ្យ ដើម្បីចូលរួមចំណែកជ្រើសរើសឱ្យបានអ្នកដឹកនាំភូមិដែលប្រជាពលរដ្ឋគាំទ្របង្កលក្ខណៈដល់ការជំរុញអនុវត្តរាល់គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅមូលដ្ឋាន ជាពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលជាចំណែកសំខាន់នៃសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិយើងទាំងមូល។
លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងរំលឹកជូនក្រុមការងារគ្រប់លំដាប់ថ្នាក់ ឱ្យបន្តដំណើរការស្ទាបស្ទង់ការជ្រើសរើសប្រធានភូមិសម្រាប់ភូមិថ្មី២ទៀត និងផ្តាំផ្ញើជូនក្រុមការងារ ក៏ដូចមន្រ្តីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំរ៉ាប់រងបំពេញរាល់ភារកិច្ចនយោបាយ ពង្រឹងសាមគ្គីភាព ផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីដណ្តើមឱ្យបានទឹកចិត្តគាំទ្រដោយបេះដូងរបស់ប្រជាជន សំដៅឈានទៅដណ្តើមជ័យជម្នះធំធេងបន្តទៀតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីរួមចំណែកធានាតួនាទីដឹកនាំយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជាក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាព សម្រាប់អនាគតរុងរឿងរបស់កម្ពុជាតរៀងទៅ។ក្នុងឱកាសនោះ ក្រុមការងារក៏បានចែកអំណោយដល់អ្នកចូលរួមពិធី ពិសេសមានការចែកវ៉ែនតាសម្រាប់មនុស្សចាស់ផងដែរ។
សូមបញ្ជាក់ថា ភូមិព្រែកសណ្តាយដែលទើបបង្កើតថ្មី គឺបានបំបែកចេញពីភូមិឈើទាលភ្លោះ សិ្ថតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានប្រជាពលរដ្ឋរស់នៅ៤១៧គ្រួសារ ចំនួនមនុស្សជិត២ពាន់នាក់៕