(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកោតសរសើរអំពីភាពរីកចម្រើននៃវិស័យកីឡានៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីឃើញសកម្មភាពគាំទ្រលើវិស័យកីឡារបស់ប្រជាពលរដ្ឋកាន់តែផុសផុលជាងមុន។ សម្តេចថាភាពរីកចម្រើននេះ កំពុងតែបោះជំហានទៅមុខទៀត ឥតឈប់ឈរ។
ជាមួយនឹងការបង្ហាញរូបភាពវាយកូនហ្គោល ដែលសម្តេចតែងបង្ហាញជាញឹកញាប់រៀងរាល់សប្តាហ៍ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងនៅលើទំព័រ Facebook នៅព្រឹកថ្ងៃសៅរ ទី០២ ខែកក្កដា ឆ្នាំ២០១៦នេះថា «វិស័យកីឡាកម្ពុជាកំពុងរីកចម្រើនបោះជំហានឆ្ពោះទៅមុខគួរឱ្យកត់សម្គាល់ ដែលកំពុងផ្តល់នូវក្តីសង្ឃឹមយ៉ាងមុតមាំចំពោះអនាគតកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ប្រជាពលរដ្ឋកម្ពុជាប្រមាណ៦ម៉ឺននាក់ បានចូលទស្សនាការប្រកួតបាល់ទាត់រវាង ក្រុមបាល់ទាត់គោព្រៃកម្ពុជាដែលប៉ះជាមួយនឹង ក្រុមភ្ញៀវឆាយនីសតៃប៉ិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ សំបុត្រជាច្រើនត្រូវលក់អស់ ហើយជាមួយគ្នានេះ មានពលរដ្ឋខ្មែរជាច្រើនទៀតបានសុខចិត្តឈរស្តាប់សម្រែកនៅខាងក្រៅឆាក ដើម្បីលើកទឹកចិត្ត។ ទីបំផុត ក្រុមបាល់ទាត់គោព្រៃកម្ពុជា បានយកឈ្នះក្រុមភ្ញៀវឆាយនីសតៃប៉ិ (Chinese Taipei) ដោយលទ្ធផលបច្ចេកទេស ២-០ ។
សម្តេចតេជោ បានបញ្ជាក់ថា «ការរីកចម្រើនទាំងអស់នេះ គឺដោយសារការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ជាពិសេសពីយុវជនយុវនារី និងការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី និងគ្រូបង្វឹកទាំងអស់»។
សូមបញ្ជាក់ថា សម្តេចក៏បានអបអរសាទរដល់ក្រុមកីឡាបាល់ទាត់ទាំងអស់ ដែលបានចូលរួមប្រកួតប្រជែងក្នុងការដណ្តើមពានរង្វាន់ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» លើកទី១០ ឆ្នាំ២០១៦នេះផងដែរ។ សម្តេចថា នៅថ្ងៃនេះ គឺជាការប្រកួតដណ្តើម យកលេខ ៣ លេខ ៤ និង លេខ ២ លេខ១ ហើយថាជោគជ័យគឺកំពុងរង់ចាំ «ក្រុមកីឡាដែលមានសមត្ថភាព» ពិតប្រាកដ៕