(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំពិធីចម្រើនព្រះជន្ម៦៣ព្រះវស្សា របស់ព្រះករុណា ព្រះចៅអធិរាជជប៉ុន ណារុហ៉ីតុ (NARUHITO) (ពិធីបុណ្យជាតិជប៉ុន) នៅរាជធានីភ្នំពេញ។ ពិធីនេះធ្វើឡើងនាត្រីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
នៅក្នុងពិធីដ៏អធិកអធមនោះមានវត្តមានរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសមាជិកសហគមន៍ការទូតក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។ ក្នុងពិធីនេះក៏មានការសម្តែងរបស់លោកស្រី មីណាមីណុ និងកញ្ញា ឡូរ៉ា ម៉ម ដែលជាទូតសុច្ឆន្ទៈ នៃកម្ពុជា-ជប៉ុន សម្រាប់ខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ថ្លែងនាឱកាសនោះដែរ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា ព្រះចៅអធិរាជទ្រង់បានយាងមកប្រទេសកម្ពុជា ក្នុងឆ្នាំ២០១២ ហើយកាលណោះលោកនៅចាំការយាងនោះបានយ៉ាងច្បាស់ នៅពេលដែលព្រះចៅអធិរាជថ្លែងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីទឹក ក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក ដែលធ្វើឡើងនៅប្រទេសជប៉ុន កាលពីខែមេសា ឆ្នាំមុន ព្រះចៅអធិរាជបានលើកឡើងអំពីអនាគត (ស្តេចនាគ) ទាក់ទងនឹងជំនឿទឹកនៅអាស៉ី ហើយបានលើកឡើងពីដំណើរទស្សនកិច្ចរបស់ព្រះចៅអធិរាជទៅកាន់ប្រាសាទអង្គរវត្ត ក្នុងឆ្នាំ២០១២។
ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា ឆ្នាំ២០២៣នេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ បើក្រឡេកមើលទៅក្រោយក្នុងរយៈពេល៧០ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងរវាងប្រទេសជប៉ុន និងកម្ពុជា បានរីកចម្រើនយ៉ាងខ្លាំង។ នៅឆ្នាំ១៩៥៥ ត្រឹមតែ២ឆ្នាំ បន្ទាប់ពីការបង្កើទំនាក់ទំនងការទូត ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ទ្រង់បានយាងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងឋានៈជាព្រះប្រមុខរដ្ឋ ហើយសន្ធិសញ្ញាមិត្តភាពរវាងជប៉ុន និងកម្ពុជា ត្រូវបានចងភ្ជាប់ឡើង។
បន្ថែមពីនេះលោក អ៊ូអិណុ អាត់ស៊ូស៊ី បានឱ្យដឹងថា នៅឆ្នាំ២០២៣នេះ ជាឆ្នាំពិសេសសម្រាប់ទំនាក់ទំនងជប៉ុន-កម្ពុជា។ នេះក៏ព្រោះតែលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន និងសម្តេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចនៅកម្ពុជា និងជប៉ុនចំនួន២លើករៀងៗខ្លួនសម្រាប់កិច្ចប្រជុំកំពូលសរុបចំនួនបួនក្នុងមួយឆ្នាំ។ ថ្នាក់ដឹកនាំទាំង២រូប បានឯកភាពក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា តាមរយៈការប្រែក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំនេះ ដើម្បីស្របពេលនឹងខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ខណៈកម្ពុជា និងជប៉ុនប្រារព្ធខួបទំនាក់ទំនងការទូតរបស់យើងលើកទី៧០ នៅក្នុងឆ្នាំនេះ យើងបានលើកកម្ពស់ទំនាក់ទំនងមិត្តភាពរបស់យើងឡើងដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដែលនេះជាកម្រិតកំពូលនៃទំនាក់ទំនងរបស់យើង។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា អស់រយៈពេលរាប់ទសវត្សរ៍មកនេះ ប្រទេសទាំង២បានរក្សាទំនាក់ទំនងមិត្តភាពយ៉ាងជិតស្និទ្ធ ក៏ដូចជាកសាងទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដោយឆ្លងកាត់ព្យុះភ្លៀងជាច្រើននៃប្រវត្តិសាស្ត្រភូមិសាស្ត្រនយោបាយ។ លើសពីនេះទៅទៀត រដ្ឋាភិបាល និងប្រជាជនរបស់ពួកយើងពិតជាមិនអាច បំភ្លេចបានឡើយនូវការចូលរួមមិនអាចកាត់ថ្លៃបានរបស់ជប៉ុន នៅក្នុងដំណើរការសន្តិភាព និងការស្ដារប្រទេសជាតិឡើងវិញនៅអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៩០ ព្រមទាំងការបន្តការផ្ដល់ការ គាំទ្រនៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជារហូតមកទល់នឹងសព្វថ្ងៃ។ យើងនឹងមិនអាចបំភ្លេចបាននូវសកម្មភាពដ៏មានតម្លៃនេះបានឡើយ។
គួរឱ្យដឹងថា ព្រះចៅអធិរាជជប៉ុន ណារុហ៉ីតុ (Naruhito) ព្រះចៅអធិរាជ Naruhito បានឡើងស្នងរាជសម្បត្តិ ជ្រីសានថេម៉ាម (Chrysanthemum) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បន្តពីព្រះបិតាទ្រង់ គឺអតីតព្រះចៅអធិរាជ អាគីហ៉ីតុ (Akihito) ដែលមានព្រះជន្មាយុ ៨៥ព្រះវស្សា និងបានដាក់រាជសម្បត្តិជាផ្លូវការកាលពីថ្ងៃទី០១ ខែឧសភា។ នេះគឺជាការដាក់រាជ្យលើកដំបូងបង្អស់របស់ព្រះចៅ អធិរាជជប៉ុន ដែលមិនធ្លាប់មានឡើយក្នុងអំឡុងពេលជាង ២០០ឆ្នាំកន្លងមកនេះ។ ការឡើងគ្រងរាជ្យរបស់ ព្រះចៅអធិរាជ Naruhito គឺជាការបិទបញ្ចប់នូវសករាជ ឬរជ្ជកាលចាស់ហៅថា ហៃសី (Heisei) និងជាការបើកទំព័រសករាជថ្មី ហៅថា រៃវ៉ា (Reiwa)៕