(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងខែកុម្ភៈ និងលើកទិសដៅបន្តសម្រាប់ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងការពារជាតិកម្ពុជា។

កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្ដីការក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងថ្នាក់ដឹកនាំអង្គភាពក្រោមចំណុះផងដែរ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលនៃការអនុវត្តការងាររបស់ក្រសួងការពារជាតិ ក្នុងខែកុម្ភៈកន្លងទៅនេះ ដែលកងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន ដោយសម្រេចបាននូវសមិទ្ធផលយ៉ាងល្អប្រសើរ ខណៈដែលសភាពការណ៍តាមតំបន់ព្រំដែន មានភាពស្ងប់ស្ងាត់ សន្តិសុខល្អប្រសើរ និងបានបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។

អង្គប្រជុំបានកត់សម្គាល់អំពីដំណើរចូលចត និងទស្សនកិច្ចរបស់ នាវា HMS SPEY (P234) របស់កងទ័ពជើងទឹកចក្រភពអង់គ្លេស នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលត្រូវបានទទួលស្វាគមន៍ដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ នាង ផាត បានសង្កត់ធ្ងន់ចំពោះគម្រោងធ្វើ សមយុទ្ធនាគមាស ឆ្នាំ២០២៣ ដែលធ្វើឡើង នាខែមីនាពេលខាងមុខ ដោយបានណែនាំដល់បណ្តាអង្គភាពខិតខំយកចិត្តទុកដាក់ក្នុងការតាមដាន និងចូលរួមឱ្យបានសកម្មក្នុងការធ្វើសមយុទ្ធនាគមាស ជាមួយកងទ័ពរំដោះប្រជាជនចិន នៅតំបន់ហ្វឹកហ្វឺនភ្នំជុំសែនរីករាយ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដើម្បីលើកកម្ពស់គុណភាព សមត្ថភាព ពង្រឹងនូវស្មារតីសាមគ្គីភាព​ មិត្តភាពជាមួយប្រទេសជាមិត្ត។

លោក ជំរុញឲ្យបណ្ដាអង្គភាពក្រោមចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បន្តយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រកងទ័ព និងគ្រប់គ្រងថែរក្សាអាវុធយុទ្ធភណ្ឌក្នុងអង្គភាព។ លោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ កងយោធពលខេមរភូមិន្ទ ក្នុងអនុវត្តបទបញ្ជារាជរដ្ឋាភិបាល ប្រឆាំងនឹងបទល្មើសផ្សេងៗ។ ជាមួយគ្នានេះ លោកជំរុញបន្ថែមផងដែរឱ្យបណ្ដាអង្គភាព ត្រូវត្រៀមខ្លួន ចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះមហន្តរាយផ្សេងៗ នៅតាមមូលដ្ឋាន។

នាយឧត្តមសេនីយ៍ នាង ផាត បានយកឱកាសនេះ ណែនាំដល់គ្រប់ស្ថាប័នអង្គភាពចំណុះក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ត្រៀម និងចូលរួមសម្រាប់ការប្រកួតកីឡា និងការពារសន្តិសុខ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ក្នុងឆ្នាំ២០២៣នេះ ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងកិត្យានុភាពរបស់ប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍ បានណែនាំដល់គ្រប់ស្ថាប័នអង្គភាព ត្រៀមចូលរួមអបអរសាទរដល់ខួបនៃការបង្កើតកងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិ ដែលបង្កើតដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតំបន់កោះថ្ម X16 ដែលជាព្រឹត្តិការណ៍សំខាន់ ដែលបានចូលរួមចំណែករំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាស្ត្រប៉ុលពត។

លោក បានកត់សម្គាល់បន្ថែមអំពីព្រឹត្តិការណ៍មួយចំនួនទៀត ដែលនឹងកើតឡើងនាពេលខាងមុខ ក្នុងនោះក៏មានព្រឹត្តិការណ៍ដែលកងទ័ពត្រូវបន្តការពារ និងយកចិត្តទុកដាក់ក្នុងនោះមានដូចជា៖

* ខែមេសា ឆ្នាំ២០២៣ មានពិធីឆ្លងមហាចេតិយ្យរបស់ធាតុយុទ្ធជន ដែលបានពលីជិវិត ក្នុងការរំដោះប្រទេសពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត

* ខែឧសភា ឆ្នាំ២០២៣ នឹងមានទិវាអបអរសាទរលើកទី៤៥ ថ្ងៃបង្កើតវរសេនាតូចលេខ១២៥ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា

* ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ជាខួប៤៦ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលចាប់ផ្តើមពីតំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ថ្ងៃទី២០មិថុនា ១៩៧៧- ថ្ងៃទី២០មិថុនា ឆ្នាំ២០២៣)

* ខែកក្កដា ចូលរួមការពារការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ជាដើម។

នៅក្នុងកិច្ចប្រជុំនេះដែរ លោក នាង ផាត ក៏បានណែនាំឱ្យបណ្ដាអង្គភាពកងទ័ព យកចិត្តទុកដាក់ចូលរួមថែរក្សា ការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ពិធីបុណ្យទន្លេលើកទី៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ៖ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next) ដើម្បីភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំដែលចូលរួមពិធីបុណ្យនេះ។

នាយឧត្តមសេនីយ៍ ក៏បានជំរុញផងដែរឲ្យបណ្ដាកងអង្គភាពពាក់ព័ន្ធ យកចិត្តទុកដាក់ក្នុងការរៀបចំឲ្យបានល្អនូវ ពិធីប្រកាសបើកការដា្ឋនកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក្រោម «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ដំណាក់កាលទី៣» នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ នៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាង់ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕