មន្ត្រីនគរបាលម្នាក់ ដួលសន្លប់ពេលឈរជើងយាមការពារក្បួន ឯកអគ្គរដ្ឋទូតអាមេរិកប្រារព្ធខួបឯករាជ្យ នៅសណ្ឋាគារសុខា
02-07-2016 08:28
(ភ្នំពេញ)៖ មន្ត្រីនគរបាលខណ្ឌជ្រោយចង្វារម្នាក់ បានដួលសន្លប់ ខណៈដែលកំពុងឈរជើង យាមការពារក្បួនរបស់ថ្នាក់ដឹកនាំអន្តរជាតិ ដែលមានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អញ្ជើញមកចូល រួមប្រារព្ធខួបឯករាជ្យអាមេរិក នៅសណ្ឋាគារសុខា នៅល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចទល់មុខយុទ្ធការ តាមបណ្តោយផ្លូវទន្លេសាប ស្ថិតក្នុងក្រុមទី៧ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
លោក ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា បន្ទាប់ពីកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ និងកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ ទទួលបានផែនការពីថ្នាក់លើ ដើម្បីឈរជើងយាមការពារក្បួន របស់ថ្នាក់ដឹកនាំអន្តរជាតិ ដែលមានអគ្គរដ្ឋទូតអាមេរិក បានមករៀបចំពិធីខួបឯករាជ្យ នៅសណ្ឋាគារសុខា ខណៈដែលក្បួនរបស់ថ្នាក់ ដឹកនាំអន្តរជាតិ ពុំទាន់មកដល់ផង ស្រាប់តែមន្ត្រីនគរបាល ខណ្ឌជ្រោយចង្វារម្នាក់ បានដួលសន្លប់ស្ដូកស្ដឹងទៅហើយ និងត្រូវបានកម្លាំងនគរបាល ដែលឈរជើងក្បែរនោះ ជួយដឹកតាមម៉ូតូរ៉ឺម៉កកង់បី យកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យដុសសិទ្ធិ ដែលនៅជិតបំផុត ប៉ុន្តែដោយអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ពាក់ព័ន្ធ និងបេះដូង ក៏ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យធំ (ហៅ១៧៩) នៅខាងជើងវត្តភ្នំ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា មន្ត្រីនគរបាលដែលបានដួលសន្លប់ មានឈ្មោះ ឃួន ឈាន ភេទប្រុស អាយុ៥២ឆ្នាំ មានឋានៈអនុសេនីយ៍ទោ (ស័ក្តិ២) ពាក់អត្តលេខ ១៧៥ ៩២ ជាមន្ត្រីផ្នែកសេនាធិការ ដោយកាន់ការងារវិទ្យុទាក់ទង ខណ្ឌជ្រោយចង្វារ ស្នាក់នៅភូមិ១ សង្កាត់ច្រាំងចម្រេះទី១ ខណ្ឌឫស្សីកែវ។ បច្ចុប្បន្នមន្ត្រីប៉ូលីសរូបនោះ កំពុងបន្តសម្រាកព្យាបាល ក្នុងស្ថានភាពធ្ងន់ធ្ងរ នៅឯមន្ទីរពេទ្យធំ (ហៅ១៧៩)៕