(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើង បង្កដោយរថយន្ត Lexus 470 បើកបុកជាមួយម៉ូតូ Dream C125 អូសជិតជាង១គីឡូម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯម៉ូតូគៀបជាប់ក្រោមរថយន្ត រហូតជិតដល់ស្ពានតាខ្មៅ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០២៖៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌ័មានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហេង វឌ្ឍនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជំនួយការវាស់វែង នៅបុរីប៉េង ហួត មានទីលំនៅភូមិចន្លោះខាងកើត ឃុំគៀនជរ័លាំង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។
បើតាមសាក្សីបានឃើញហេតុការណ៍ប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BB-8356 បើកបរក្នុងល្បឿនយឺត ពីទិសដៅភ្នំពេញ ទៅក្រុងតាខ្មៅ ស្រាប់តែដល់កន្លែងកើតហេតុ មានរថយន្ត Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-9990 បើកបរក្នុងល្បឿនលឿនពីភ្នំពេញ មកក្រុងតាខ្មៅ ក្នុងទិសដៅស្របគ្នា បានបុកចំពីក្រោយម៉ូតូ អូសជិតជាង១គីឡូម៉ែត្រ រហូតដល់ភូមិដើមគ សង្កាត់ដើមមាន ក្រុងតាខ្មៅ ទើបម្ចាស់រថយន្ត បើកទ្វាររត់គេចខ្លួនបាត់ស្រមោល។
ភ្លាមៗនោះត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ និងចរាចរណ៍ខណ្ឌមានជ័យ ចុះមកកន្លែងហេតុការណ៍ ដើម្បីធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុក នៅការិយាល័យក្រុង ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕