(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា អ្នកជំងឺម្នាក់ដែលរកឃើញមានមេរោគផ្ដាសាយបក្សី H5N1 នៅខេត្តព្រៃវែងនោះ ទទួលលទ្ធផលអវិជ្ជមានក្រោយការធ្វើតេស្តរយៈពេល២ដង ហើយបើសិនការធ្វើតេស្តលើកទី៣ អវិជ្ជមានទៀតនឹងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
លោកស្រីបានបន្តថា អ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យយកសំណាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដើម្បីទៅពិនិត្យជាថ្មីម្ដងទៀត នៅវិទ្យាស្ថានប៉ាស្ទ័រ និងវិទ្យាស្ថានសុខភាពសាធារណៈ ហើយបើលទ្ធផលចេញមកនៅថ្ងៃស្អែកអវិជ្ជមាន នោះក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល នៅមន្ទីរពេទ្យស៊ីធកណ្ដាល នឹងអនុញ្ញាតឱ្យគាត់ត្រឡប់ទៅផ្ទះវិញ ជាមួយនឹងការបន្តតាមដានសុខភាពរបស់គាត់ជាមួយនឹងការធ្វើចត្តាឡីស័ករយៈពេល៣ថ្ងៃ។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលបានបន្ថែមទៀតថា ក្នុងករណីមានការប្រែប្រួល ក្រុមគ្រូពេទ្យនឹងយកសំណាករបស់ពួកគាត់ មកពិនិត្យឡើងវិញផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅនេះ មានកុមារីម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញថា កើតជំងឺផ្តាសាយបក្សី H5N1។ ជំងឺផ្តាសាយបក្សី H5N1 មួយករណីនេះ កើតលេីកុមារីអាយុ ១១ឆ្នាំ ៦ខែ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ក្រោយករណីនេះ ក្រុមការឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល បានរកឃើញមនុស្ស ១២នាក់ ដែលបានប៉ះពាល់ជាមួយកុមារីកើតជំងឺផ្តាសាយបក្សី H5N1 នៅក្នុងខេត្តព្រៃវែង។ ក្នុងនោះអ្នកប៉ះពាល់ ៤នាក់ បានចាប់ផ្តើមចេញរោគសញ្ញា៕