(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញស្រោចស្រពសុគន្ធវារី ប្រគេនប្រកាសសនីយប័ត្រ ថ្វាយព្រះគ្រូរដ្ឋានុរ័ក្ខកោសល មឿង សុនិមិត្ត ជាព្រះគ្រូអនុគណស្រុកឆែប វត្តសុវណ្ណគីរី ស្ថិតក្នុងភូមិឆែបលិច ឃុំ ឆែបមួយ និងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាឆាន់ និងសមិទ្ធផលនានាក្នុងវត្តទ្រីសទ្ធារាម ស្ថិតក្នុងឃុំសង្កែពីរ ស្រុកឆែប នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

នាឱកាសនោះ លោកអភិបាលខេត្ត បានជម្រាបជូនប្រជាពលរដ្ឋពីការរីកចម្រើនគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រនៃកម្ពុជា។

លោក គីម រិទ្ធី បានថ្លែងចូលរួមអបអរសាទរ ចំពោះព្រះគ្រូរដ្ឋានុរ័ក្ខកោសល មឿង សុនិមិត្ត ក្នុងឱកាសទទួលបានការតែងតាំងជាព្រះគ្រូអនុគណស្រុកឆែប បន្ទាប់ពីទទួលបានជំនឿទុកចិត្តពីគណៈសង្ឃគ្រប់ព្រះអង្គ ពិសេសគឺទទួលបាននូវការទុកចិត្តពីជំនឿរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកឆែបទាំងមូល ព្រមទាំងចូលរួមអបអរសាទចំពោះសមិទ្ធផលនានា ជាច្រើនដែលមាននៅក្នុងវត្តទ្រីសទ្ធរាម ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ តាមរយៈការប្រតិបត្តិនូវប្រពៃណីនៃការចែករំលែក បញ្ជាក់ឱ្យឃើញកាន់ តែច្បាស់ពីមនោសញ្ចេតនា សាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ដែលយើងទាំងអស់គ្នាបានខិតខំ កសាងទុកជាទីគោរពសក្ការៈ ដើម្បីបានជ្រកក្រោមម្លប់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «ថ្ងៃនេះយើងទាំងអស់គ្នា ពិតជាមានសេចក្តី សប្បាយរីករាយ ប្រកបទឹកចិត្តជ្រះថ្លាបរិសុទ្ធក្នុងព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីបុណ្យ នៅក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវការអភិវឌ្ឍឥតឈប់ឈរ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរម្យនា»

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្ដស្មារតី ដឹងគុណនូវគោលនយោបាយឈ្នះឈ្នះ និងបន្ដគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែនដោយចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រនីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីឱ្យប្រទេសជាតិយើងទទួលបាននូវសុខសន្ដិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ រួមទាំងសិទ្ធសេរីភាព ជំនឿសាសនា រក្សាបាននូវសាមគ្គីភាព ស្ថិរភាពនយោបាយ និងសន្ដិសុខសង្គមដោយមិនរើសអើង និងមិនមានការបែងចែកសង្គម ជំនឿ សាសនា និងនិន្នាការនយោបាយ៕