(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋននៅតាមខ្នងផ្ទះ និងនាំអំណោយមួយចំនួនចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋដែលនឹងរៀបចំពិធីមង្គលការកូនចៅ នៅតាមភូមិមួយចំនួនក្នុងឃុំរមទម។

នៅក្នុងឱកាសនេះដែរ លោក ហោ ប៊ុនហួរ បានប្រាប់ប្រជាពលរដ្ឋពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រៅពីបានរំដោះប្រទេសជាតិចេញផុតពីរបបប្រល័យពូជសាសន៍កាលពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩មក បានធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។

ប្រធានគណបក្សស្រុក បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកដោយក្តីនឹករលឹកពីលោក មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ ប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងលោក មួង ឃីម លោក អ៊ុក គឹមសាន ប្រធានក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុករវៀង ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសមាជិកបក្សរបស់យើងទូទាំងស្រុករវៀងផងដែរ។

លោក ហោ ប៊ុនហួរ បានជម្រាបជូនប្រជាពលរដ្ឋ ផ្សព្វផ្សាយពីមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដោយបានសម្រេចគាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគតផងដែរ។

ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតទាំងអស់គ្នា បោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេស ឱ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យតទៅទៀត៕