(កណ្ដាល)៖ សមាជិកសមាជិកាគណៈកម្មាធិការសាខា និងមន្ត្រី ព្រមទាំងក្រុមការងារបច្ចេកទេសមកពីទីស្នាក់ការកណ្ដាល អនុសាខាកាកបាទក្រហមក្រុងស្រុក ទទួលបានការបណ្ដុះបណ្ដាលជំនាញបន្ថែម ដើម្បីពង្រឹងលើគុណភាព នៃការងារកាកបាទក្រហម Gឌ្ឍច័ន្ទក្រហម ក្នុងទិសដៅគុណភាពការងារប្រកដោយស្មារតីទទួលខុសត្រូវ។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខាខេត្តកណ្តាល នៅជុំទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងលោ ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង តំណាង ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

លោក គង់ សោភ័ណ្ឌ បានបង្ហាញសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមការងារប៉ាន់ប្រមាណសមត្ថភាពសាខា-BOCA ជុំទី២ ក្នុងគោលបំណងលើកកម្ពស់គុណភាពនៃការអនុវត្តការងារឱ្យមានប្រសិទ្ធភាព តាមលក្ខណៈវិនិច្ឆ័យជាសាខាមានដំណើរការល្អ និងស្រមតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ។

លោកបានលើកពីការប៉ាន់ប្រមាណសមត្ថភាពសាខា ហៅកាត់ជាភាសាអង់គ្លេសថា BOCA ដែលមានន័យថា “Branch Organizational Capacity Assessment” ដែលសមាគមជាតិនៅក្នុងសកលលោក បាននឹងកំពុងអនុវត្តដែលក្នុងនោះកាកបាទក្រហមកម្ពុជា បានទទួលយកវិធីសាស្រ្តបូកា BOCA មកអនុវត្តតាំងពីឆ្នាំ២០១៥។

លោកបានលើកទឹកចិត្ត អង្គពិធីទាំងមូលចូលរួមយ៉ាងផុលផុស ក្នុងការកំណត់សូចនាករជាអាទិភាពសម្រាប់បំពេញបន្ថែមលើផែនការប្រចាំឆ្នាំ និងផែនការអភិវឌ្ឍសាខា ដើម្បីចូលរួមលើកកម្ពស់សមត្ថភាពសាខា និងមានភាពម្ចាស់ការក្នុងការផ្ដល់សេវាមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះស្របបានទៅតាមពាក្យស្លោក សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកលផងដែរ។

គួរបញ្ជាក់ថា ការប៉ាន់ប្រមាណសមត្ថភាពសាខាមានវត្ថុបំណងចំនួន៣ រួមមាន៖

*ទី១៖ ស្វែងយល់អំពីសមត្ថភាព និងរបៀបបំពេញការងារនាពេលបច្ចុប្បន្នរបស់សាខា
*២ទី៖ ឈានទៅសម្រេចនូវការឯកភាពគ្នាជារួមលើអាទិភាពនានា សម្រាប់ជួយលើកកម្ពស់សាខាបន្ថែមទៀត
*៣៖ កសាងផែនការប្រតិបត្តិដើម្បីការពង្រឹង និងធានានិរន្តរភាព សមត្ថភាពផ្តល់សេវារបស់សាខា និងភាពធន់មាំរបស់សហគមន៍៕