(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជាលោកគ្រូ អ្នកគ្រូ មានវិធានការ អប់រំ ដើម្បីទប់ស្កាត់ ការកម្រើកឡើងវិញនៃក្មេងទំនើងនៅក្នុងសហគមន៍។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសលោកអញ្ជើញពិធីបើកសន្និបាតបុកសរុបលទ្ធផលការងារ អប់រំយុវជននិងកីឡា ឆ្នាំសិក្សា ២០២១-២០២២ ឆ្លុះបញ្ចាំងអំពីសមិទ្ធផល រយៈពេល៥ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ និងទិសដៅបន្ត ២០២២-២០២៣ ។

លោក អ៊ុន ចាន់ដា បានថ្លែងថា «បច្ចុប្បន្នបញ្ហាក្មេងទំនើង បានកម្រើកឡើងវិញបន្ទាប់ពីមានការស្ងប់ស្ងាត់មួយរយៈ។ អញ្ចឹងសូមស្នើដល់មន្ទីរអប់រំ ក៏ដូចជា លោកគ្រូអ្នកគ្រូទាំងអស់ សូមយកចិត្តទុកដាក់គ្រប់គ្រងដល់សិស្សានុសិស្ស របស់យើង ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ កុំឱ្យបញ្ហាក្មេងទំនើងកើតមាននៅក្នុងសហគមន៍មូលដ្ឋានរបស់យើង»។

លោកអភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាក្មេងទំនើងនេះ អាចបង្កចេញជាបញ្ហាច្រើនដូចជា អាចបង្កើតអំពើហិង្សា នៅក្នុងសាលារៀន ឬក្រៅសាលារៀនក៏មាន ឬអាចចែកជាក្រុមបង្កអំពើហិង្សាពីសាលាមួយ ទៅសាលាមួយទៀត និងអាចមានការអូសទាញ បបួលគ្នាឱ្យទៅប្រើប្រាស់បំពានគ្រឿងញៀនផងដែរ។

បន្ថែមពីនេះ លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ដូច្នេះបញ្ហាទាំងនេះ ដែលយើងត្រូវយកចិត្តទុកដាក់គិតគូរទាំងអស់គ្នាពាក់ព័ន្ធនិងការជំរុញការកសាងធនធានមនុស្ស ពីកម្រិតមូលដ្ឋានទៅ ដើម្បីឈានឆ្ពោះទៅទទួលបាននូវ ធនធានមនុស្ស សម្រាប់សង្គមជាតិ ដែលពួកគាត់អាចមានលទ្ធភាព នៅក្នុងការបន្តការសិក្សា ពង្រឹងសមត្ថភាពអាចចូលទៅធ្វើការក្នុងវិស័យឯកជន ឬការងាររដ្ឋាភិបាលជាដើម ដើម្បីនាំមកនូវការអភិវឌ្ឍ និងការរីកចម្រើនដល់សង្គមជាតិ៕