(កំពង់ធំ)៖ លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានជំរុញអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យបានច្បាស់លាស់ទៅដល់ប្រជាពលរដ្ឋ ជាពលរដ្ឋរបស់កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនដល់ស្ត្រីមានផ្ទៃពោះកុមារអាយុក្រោម២ឆ្នាំ គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ឱ្យបានផុសផុល។

ការជំរុញបែបនេះរបស់លោក អ៊ុន បុត្ត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់កម្មវិធីឧបត្ថម្ភសាច់ប្រាស់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលរៀបចំដោយរដ្ឋបាលខេត្ត និងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ ក្រោមការឧបត្ថម្ភគាំទ្រដោយសហគមន៍អឺរ៉ុប តាមរយៈអង្គការយូនីសេហ្វ។

នាឱកាសនោះ លោកអភិបាលរងខេត្ត បានបន្តថា ការងារសង្គមកិច្ចគឺជាវិជ្ជាជីវៈផ្អែកលើការអនុវត្ត និងវិន័យដែលជំរុញការផ្លាស់ប្តូរ និងការអភិវឌ្ឍសង្គម ការរួមគ្នាក្នុងសង្គម និងការផ្ដល់សិទ្ធិអំណាច ការជួយមនុស្ស តាមគោលការណ៍យុត្តិធម៌ និងការទទួលខុសត្រូវជាសមូហភាព នេះជាចំណុចស្នូលនៃការងារសង្គមកិច្ច។

លោក អ៊ុន បុត្ត បានថ្លែងថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាបិតាស្ថាបនិកនៃសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ រយៈពេលជាង០៣ឆ្នាំកន្លងទៅ ទោះបីមានឧបសគ្គដែលបង្កឡើងដោយការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទូទាំងប្រទេស។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រជាច្រើន ដើម្បីធ្វើយ៉ាងណាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឱ្យទទួបានជោគជ័យ ដែលធ្វើឱ្យស្ថានភាពប្រទេសកម្ពុជា មានប្រក្រតីភាពឡើងវិញ។

លោក លាង សុភា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ បានលើកឡើងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម០២ឆ្នាំ ដោយគិតពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២២ សម្រាប់ខេត្តកំពង់ធំ មានអ្នកទទួលផល ដែលបានមកចុះឈ្មោះ នៅឃុំ-សង្កាត់មានសរុបចំនួន១០,៤២០នាក់ ក្នុងនោះស្ត្រីមាន ផ្ទៃពោះ ចំនួន ៧,៩៩៥នាក់,កុមារ ២,៤២៥នាក់ ស្រ្តីសម្រាលកូនចំនួន ៧,០៥៧នាក់, និងមកអនុវត្ត លក្ខខណ្ឌ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ បង្អែកចំនួន ៦១,២០៣ករណី ដោយចំណាយថវិកា សរុបចំនួន ៣,៩៩៧,៧២០,០០០រៀល និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ កម្មវិធីនេះបានចាប់ផ្តើមអនុវត្តនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។

ដោយសារជំងឺកូវីដ១៩ រាតត្បាតដ៏សាហាវនៅទូទាំងសកលលោក ប្រទេសកម្ពុជា ក៏ទទួលនូវការរាតត្បាតជំងឺកូវីដ១៩ នេះផងដែរ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសក្រុមងាយ រងគ្រោះ ដូចនេះរាជរដ្ឋាភិបាលបានធ្វើការឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រដែលមានបណ្ណសមធម៌ប្រភេទក្រ១ និងប្រភេទក្រ២ មកដល់ពេលនេះបានបើកផ្ដល់ដល់ ជុំទី១២ លើកទី១ ស្មើនឹង៣១លើក ដោយមានគ្រួសារទទួលផលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ចំនួន ៤៣,០៤៨គ្រួសារ៕