(ស្វាយរៀង)៖ ដោយសារមានវិបត្តិស្នេហា គូស្នេហ៍ដែលស្រឡាញ់គ្នាខ្លាំង បានសម្រេចចិត្តធ្វើអត្តឃាតយកសាំងដុតសម្លាប់ទាំង២នាក់ នៅក្នុងផ្ទះសំណាក់ «៧៧៧៧» ក្នុងភូមិជោរ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ដែលនាំឱ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

សមត្ថកិច្ចនគរបាលស្រុករំដួល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ដោយដកស្រង់ប្រភពពីប្រជាពលរដ្ឋថា នៅវេលាម៉ោង ៧៖៤០នាទី នៅត្រង់ចំណុចផ្ទះសំណាក់៧៧៧៧ មានអគ្គីភ័យមួយកើតឡើង និងមានមនុស្សស្លាប់។ ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញនគរបាលបច្ចេកទេសស្រុក សហការជាមួយនគរបាលជំនាញខេត្ត និងលោកវេជ្ជបណ្ឌិត នៃមន្ទីពេទ្យបង្អែកសាមគ្គីរំដួល ក្រោមការសម្របសម្រួលពីលោក បូរា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព។

សមត្ថកិច្ចបានបន្តថា សាកសពដែលប្រទះឃើញដុតសម្លាប់ខ្លួនឯងនេះ នៅក្នុងបន្ទប់លេខ១៩ ដែលមានជនរងគ្រោះ រួមមាន៖

*ទី១៖ ឈ្មោះ វ៉ន ញ៉ាញ់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល
*ទី២៖ ឈ្មោះ អាន ចិន្តា អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល។

តាមការបំភ្លឺរបស់ឈ្មោះ ជំ ស៊ីថា អាយុ៤៨ឆ្នាំ ម្ចាស់ផ្ទះសំណាក់ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៦.០០នាទីល្ងាច ជនរងគ្រោះទាំងពីរនាក់បានមកជួលបន្ទប់លេខ១៩ ដើម្បីសម្រាករហូតដល់ម៉ោង ៧.៣០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្រាប់តែមានភ្លើងឆេះចេញពីបន្ទប់ទើបបង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង។

ចំពោះករណីនេះ ក្រុមគ្រួពេទ្យបានសន្និដ្ឋានថា សាកសពស្លាប់ដោយសារធ្វើអត្តឃាតចាក់សាំងដុតខ្លួនឯងពិតមែន និងឈានដល់ការចាក់សាំងដុតសម្លាប់ខ្លួនឯងនេះដោយសារមានវិបត្តិស្នេហា។ បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា បើតាមការឱ្យដឹងពីសាច់ញាតិគ្រួសារជនរងគ្រោះខាងប្រុស បានឱ្យដឹងថា បុរសដែលស្លាប់ក្នុងហេតុការណ៍ចាក់សាំងដុតសម្រាប់ខ្លួននេះ ធ្លាប់រៀបការ និងមានកូនម្នាក់រួចមកហើយ និងបានស្គាល់ជាមួយនារី រងគ្រោះរយៈពេលជាង ១ឆ្នាំ តែងតែឈ្លោះប្រកែកគ្នារហូតដល់គិតខ្លីចាក់សាំងសម្លាប់ខ្លួនស្លាប់ទាំង២នាក់តែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះមិនមែនជាអំពើឃាតកម្មនោះឡើយ តែជាអំពើអត្តឃាតសម្លាប់ខ្លួនឯងតែប៉ុណ្ណោះ៕