(ភ្នំពេញ)៖ លោក ម៉េង ហេង សមាជិកចលនាមាតាធម្មជាតិ ត្រូវបានក្រុមយុវជនដូចគ្នា ទម្លាយថា កំពុងរៀបចំបង្កើតអង្គការចលនាមាតាធម្មជាតិឡើងវិញ ដើម្បីចូលរួមលើកស្ទួយវិស័យបរិស្ថាន ការពារសន្តិភាព និងការអភិវឌ្ឍ។

លោក មួង សុភ័ក្ត្រ អតីតប្រធានក្រុមយុវជន១០០រាត្រី បានសរសេរនៅលើបណ្តាញសង្គមរបស់លោកដោយសម្តែងការអបអរសាទរចំពោះ លោក ម៉េង ហេង សមាជិកចលនាមាតាធម្មជាតិ ដែលសម្រេចបង្កើតអង្គការមាតាធម្មជាតិ ដើម្បីចូលរួមលើកស្ទួយវិស័យបរិស្ថាន ការពារសន្តិភាព និងការអភិវឌ្ឍ។

លោក មួង សុភ័ក្ត្រ បានអះអាងថា «លោក (ម៉េង ហេង) បានអំពាវនាវឱ្យសមាជិកចលនាមាតាធម្មជាតិ ក្រោមការដឹកនាំរបស់ លោក អេឡិច ឱ្យមកចូលរួមជាមួយអង្គការមាតាធម្មជាតិវិញ ដើម្បីបញ្ឈប់ការចាញ់កលនយោបាយរបស់ លោក អេឡិច ដែលយកបញ្ហាបរិស្ថាន ជានយោបាយដើម្បីរកជំនួយផ្សេងៗ ដោយមិនគិតពីសមាជិក ដាក់អន្ទាក់ឱ្យធ្វើរឿងខុសច្បាប់ជាប់ ពន្ធនាគារជាដើម»។

សូមជម្រាបថា អង្គការមាតាធម្មជាតិ ដែលទីស្នាក់ការកណ្តាលតាំងនៅវត្តចំការឈូក ភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបង្កើតឡើង និងដឹកនាំដោយ លោក អាឡិច នាពេលកន្លងទៅ ធ្លាប់ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាស សម្រេចលុបចោលកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបានបណ្តេញ លោក អាឡិច ចេញពីប្រទេសកម្ពុជា៕