(ភ្នំពេញ)៖ ដើម្បីជំរុញឱ្យចលនាប្រឡងប្រណាំងទីក្រុងស្អាតកាន់តែមានប្រសិទ្ធភាព ចូលរួមគាំទ្រដល់ការអនុវត្តន៍គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល, សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ចេញយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជាទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក និងបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញយុទ្ធនាការដូចនេះ នៅក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ» អមជាមួយពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី៣ នៅសណ្ឋាគារ៉េស៊ីដង់សុខាភ្នំពេញ។

ថ្លែងនាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំនេះជាឆ្នាំទី១១ ដែលយើងប្រារព្ធធ្វើទិវាជាតិទីក្រុងស្អាតក្រោមប្រធាន «ទីក្រុងស្អាតបដិសណ្ឋាកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្ដៅ» អមជាមួយការប្រគល់ជ័យ លាភីទីក្រុងស្អាតលើកទី៣។ ប្រធានបទនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទីក្រុងដែលមានភាពទាក់ទាញគួរឱ្យចង់ទស្សនាកម្សាន្ត និងស្នាក់នៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺជាទីក្រុងដែលស្អាតមានបរិស្ថានល្អ ធានាបាននូវសន្តិសុខ សុវត្ថិភាព ផ្តល់បដិសណ្ឋារកិច្ចល្អ ភាពរួសរាយរាក់ទាក់ជាមួយនឹងភាពជាម្ចាស់ផ្ទះដែលផ្តល់នូវការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូចនេះថា «ឈរលើស្មារតីនៃប្រធានបទនៃទិវាជាតិទីក្រុងស្អាតឆ្នាំនេះ ខ្ញុំសូមប្រកាសដាក់ចេញយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក និងបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា ជាពិសេសត្រូវជំរុញការចូលរួមយុទ្ធនាការ «យើងជាម្ចាស់ផ្ទះ»ដើម្បីអបអរសាទរការរៀបចំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដោយត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជាតាមរយៈការបង្ហាញពីវប្បធម៌ ប្រពៃណី ម្ហូបអាហារអត្តសញ្ញាណជាតិ ការស្វាគមន៍រួសរាយរាក់ទាក់ ការរៀបចំតុបតែងភូមិឋានជាដើម នៅតាមមូលដ្ឋាន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌរបស់ខ្លួនឱ្យបានផុលផុស»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តជំរុញការអភិវឌ្ឍបៃតងនៅតាមបណ្តាក្រុង ខណ្ឌ រាជធានី ខេត្ត នៅទូទាំងប្រទេសឱ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ដោយត្រូវជំរុញការរៀបចំផែនការមេអភិវឌ្ឍទីក្រុង ដោយរួមបញ្ចូលទាំងទិដ្ឋភាពនគរូបនីយកម្ម ប្រជាសាស្ត្រ ទេសចរណ៍ បរិស្ថាន សេដ្ឋកិច្ច និងសង្គម ។

សម្តេចតេជោ ក៏បានណែនាំឱ្យមន្ត្រីជំនាញទាំងអស់បន្តអភិវឌ្ឍទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាត ដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ភាពទាក់ទាញផ្នែកទេសចរណ៍ បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវ សង្គមដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខុមាលភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពធន់ និងផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕