(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១១ បានលើកឡើងថា ការផ្សព្វផ្សាយពីទេសចរណ៍របស់កម្ពុជា មិនចាំបាច់ប្រើ CNN ឬ BBC នោះទេ តែត្រូវផ្សព្វផ្សាយតាមអ្នកទេសចរ ដែលបានមកលេងកម្សាន្ដនៅប្រទេសកម្ពុជាតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការផ្សព្វផ្សាយតាមរយៈសារព័ត៌មាន គឺធ្វើឡើងបានត្រឹមតែមួយរយៈពេលប៉ុណ្ណោះ ប៉ុន្ដែបើផ្សព្វផ្សាយតាមរយៈអ្នកទេសចរវិញ ធ្វើឲ្យអ្នកដែលបានមកទស្សនាហើយ ចង់មកទស្សនាទៀត ហើយលើសពីអ្វីដែលអ្នកដែលធ្លាប់មកទស្សនាបានមកម្ដងទៀតហើយនោះ គឺគេក៏អាចនាំទាំងក្រុមគ្រួសារ ឬមិត្តភក្ដិរបស់គេមកថែមទៀតផង។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «វិស័យទេសចរណ៍ មិនបាច់ទៅផ្សពផ្សាយតាម CNN BBC អីនោះទេ ផ្សព្វផ្សាយតាមអ្នកទេសចរទាំងឡាយ ដែលមកប្រទេសយើង។ កុំភ្លេចជួនកាលបុគ្គលម្នាក់ ធ្វើមិចឲ្យបុគ្គលដែលមកទស្សនកិច្ចគេមកហើយ គេចង់មកទៀត ហើយគេមកទៀតមិនមែនមកម្នាក់ឯងទេ នាំទាំងក្រុមគ្រួសារ មិត្តភ័ក្ដិមកទៀត ដែលនេះទើបជាចំណុចគន្លឹះ»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ការដោះស្រាយពិតប្រាកដ នៅពេលទេសចរណ៍មកទស្សនានៅកម្ពុជា គឺត្រូវទទួលដោយបដិសណ្ឋារកិច្ចល្អ សន្ដិសុខល្អ អនាម័យ កន្លែងទាក់ទាញដែលធ្វើឲ្យអ្នកទេសចរចង់ទៅទស្សនា ដូច្នេះធ្វើឲ្យទេសចរណ៍មកហើយ ចង់មកទៀត។ សម្ដេចបន្ដថា នៅពេលអ្នកទេសចរមកលើក្រោយ មិនមែនមកម្នាក់ឯងទៀតនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា មិនត្រូវធ្វើឲ្យអ្នកទេសចរមកដល់កម្ពុជាហើយ ត្រឡប់ទៅវិញ និយាយបង្អាប់មិនឲ្យអ្នកដទៃមកនោះទេ។ ចំណុចនេះជាបញ្ហាដែលមិនត្រូវឲ្យកើតមានឡើងឡើយ។ សម្ដេចបានណែនាំឲ្យស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំលើកកម្ពស់ការទទួលទេសចរណ៍ ព្រោះនេះជាផលប្រយោជន៍របស់យើងទាំងអស់គ្នា ហើយបានពង្រីកការលូតលាស់របស់ប្រទេសជាតិ ទៅកាន់ប្រជាជន៕