(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យបង្កើនការអប់រំដល់ប្រជាពលរដ្ឋឱ្យយល់ពីតម្លៃអនាម័យ និងបរិស្ថាន។ មិនមែនតែអ្នកនៅទីក្រុងប៉ុណ្ណោះទេ តែតាមទីជនបទផងដែរ។ វាមិនគ្រាន់តែជាការ ទាក់ទាញផ្នែកទេសចរណ៍ទេ ក៏ប៉ុន្តែវាបានទាក់ទងនឹងសុខភាពរបស់ប្រជាពលរដ្ឋ និងភាពស្អាតរបស់ប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចនាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១១ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរស់ប្រកបដោយអនាម័យមិនត្រឹមតែធ្វើឱ្យមានសោភ័ណភាពប៉ុណ្ណោះទេ តែក៏បានជួយឱ្យសុខភាពពលរដ្ឋល្អផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កម្ពុជាបានខិតខំច្រើនណាស់ទៅហើយ អំពីយុទ្ធនាការនានា សម្រាប់អនាម័យ របស់ប្រជាជន យើងបានមើលឃើញរួចទៅហើយ ពីទិដ្ឋភាពទាំងឡាយដែលកម្ពុជា មានកាលពីពេលមុននោះ ទាក់ទងនឹងប្លាស្ទិកហោះតាមខ្យល់ អីឡូវនេះនៅតាមបណ្តាលទីក្រុង ទីប្រជុំជន បានកាត់បន្ថយច្រើនណាស់ទៅហើយ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងនៅសេសសល់បញ្ហាមួយចំនួន ក្នុងចំណោមប្រជាជនរបស់យើង ដែលយើងត្រូវយកចិត្តទុកដាក់ការអប់រំ ជាមួយនឹងប្រជាជនរបស់យើងឱ្យយល់ដឹងថា នេះជាទឹកដី របស់ពួកគាត់ អ្វីៗគឺជារបស់ពួកគាត់ ពួកគាត់ត្រូវចូលរួម ហើយអ្នកណាក៏ដោយ គឺត្រូវចូលរួម តាំងពីប្រជាជនធម្មតា រហូតដល់អ្នកមុខ អ្នកការ ជាន់ខ្ពស់ ដែលត្រូវតែចូលរួមហើយមិនមែនគ្រាន់តែអ្នកទីក្រុងទេ អ្នកជនបទក៏ត្រូវតែជំរុញ ស្ថានភាពអនាម័យនេះឱ្យបានល្អប្រសើរ វាមិនគ្រាន់តែជាការទាក់ទាញផ្នែកទេសចរណ៍ទេ ក៏ប៉ុន្តែ វាបានទាក់ទងនឹងសុខភាពរបស់ប្រជាពលរដ្ឋ និងភាពស្អាត របស់ប្រជាពលរដ្ឋ»

សម្តេចតេជោ ហ៊ុន សែន ក៏បានរំឮកថា ប្រមាណ២ ឬ៣ទសវត្សរ៍មុន គឺយើងបានប្រើទិសស្លោក «ភូមិស្អាត ស្រែល្អ» ដែលចំណុចនេះ គឺចង់សំដៅថារាជរដ្ឋាភិបាល បានធ្វើយុទ្ធនាការច្រើនទាក់ទងទៅនឹងអនាម័យ ជំងឺដង្កាត់មួយចំនួន ដូចជាបញ្ហាគ្រុនឈាម វាបានកើតចេញពីការខ្វះអនាម័យនៅទីជនបទ។

«ខ្ញុំនៅចាំបានថា នៅមុនទឹកជំនន់សហវត្សរ៍ឆ្នាំ២០០០០ ជានិច្ចកាលកម្ពុជា មានជំងឺចុះក្អួតនៅក្នុងរដូវទឹកសម្រក ប៉ុន្តែ យើងបានខិតខំធ្វើការជាមួយនឹងប្រជាពលរដ្ឋរបស់យើង ទឹកជំនន់នៅឆ្នាំ២០០០នៅសល់តែមួយកន្លែងទេ គឺនៅស្រុកពារាំង នៃខេត្តព្រៃវែង»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រយៈពេលប្រមាណ ២៣ឆ្នាំហើយ កម្ពុជាមិនមែនដែលកើតមានជំងឺចុះក្អួតក្រោយទឹកជំនន់នោះទេ នេះក៏ផ្តើមចេញពីវិធានការគ្រប់គ្រងជាមួយនឹងការភ្ញាក់រឮក របស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការរស់នៅប្រកបដោយអនាម័យ៕