(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្ត និងផ្តល់ទស្សនៈចំនួន៥ចំណុច ដើម្បីជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាតកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព។

ថ្លែងក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ នារសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ ដើម្បីជំរុញឱ្យចលនាប្រឡងប្រណាំងទីក្រុងស្អាតកាន់តែមានប្រសិទ្ធភាព ចូលរួមគាំទ្រដល់ការអនុវត្តន៍គោល-នយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សូមលើកទឹកចិត្ត និងផ្ដល់នូវទស្សនៈមួយចំនួន ដូចខាងក្រោមឈរលើស្មារតីនៃប្រធានបទនៃទិវាជាតិទីក្រុងស្អាត៖

*ទី១៖ ឆ្នាំនេះ ខ្ញុំសូមប្រកាសដាក់ចេញ យុទ្ធនាការ «ឆ្នាំ ទស្សនាកម្ពុជា២០២៣» ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជាទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក និងបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាជាពិសេសត្រូវជំរុញការចូលរួមយុទ្ធនាការ“យើងជាម្ចាស់ផ្ទះ”
ដើម្បីអបអរសាទរការរៀបចំ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដោយត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈការបង្ហាញពីវប្បធម៌ ប្រពៃណី ម្ហូបអាហារអត្តសញ្ញាណជាតិ ការស្វាគមន៍រួសរាយរាក់ទាក់ ការរៀបចំតុបតែង
ភូមិឋានជាដើម នៅតាមមូលដ្ឋាន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនឱ្យបានផុលផុស ។

*ទី២៖ បន្តជំរុញការអភិវឌ្ឍបៃតងនៅតាមបណ្តាក្រុង ខណ្ឌរាជធានី ខេត្ត នៅទូទាំងប្រទេសស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ដោយត្រូវជំរុញ ការរៀបចំផែនការមេអភិវឌ្ឍទីក្រុង ដោយរួមបញ្ចូលទាំងទិដ្ឋភាពនគរូបនីយកម្ម ប្រជាសាស្ត្រ ទេសចរណ៍ បរិស្ថាន សេដ្ឋកិច្ច និងសង្គម។

*ទី៣៖ បន្តអភិវឌ្ឍទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាតដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ភាពទាក់ទាញផ្នែកទេសចរណ៍ បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវ
សង្គមដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខុមាលភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពធន់ និងផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

*ទី៤៖ បន្តអភិវឌ្ឍទេសចរណ៍ទីក្រុង ជាផ្នែកដ៏សំខាន់មួយនៃការចូលរួមដល់ការជំរុញពិពិធកម្មនៃវិស័យទេសចរណ៍កម្ពុជាដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ តាមរយៈការរៀបចំ
ផែនការអភិវឌ្ឍទេសចរណ៍ទីក្រុងដែលមានលក្ខណៈសមាហរណកម្មជាមួយអន្តរវិស័យ និងការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយឆ្ពោះទៅការអភិវឌ្ឍទេសចរណ៍ឆ្លាត ដូចជាកម្មវិធីទូរស័ព្ទ «ទស្សនាទីក្រុង»។

*ទី៥៖ បន្តលើកកម្ពស់ការអភិវឌ្ឍទីក្រុង ប្រកបដោយភាពធន់ចីរភាព និងបរិយាបន្ទ័ និងលើកស្ទួយ «វិស័យទេសចរណ៍ជាការនាំចេញនៅនឹងកន្លែង» តាមរយៈការបង្កើនអន្តរកម្មខ្សែច្រវាក់តម្លៃនៃវិស័យទេសចរណ៍ ជាមួយវិស័យគាំទ្រពាក់ព័ន្ធ ជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្មច្នៃប្រឌិត និងផលិតកម្មក្នុងស្រុក ដើម្បីបង្កើនលទ្ធភាពនៃការបែងចែកផ្លែផ្កានៃកំណើនតាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍៕