(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ប្រធាននាយកដ្ឋានជំនាញ និងអង្គភាពពាក់ព័ន្ធ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវផ្ដោតការយកចិត្តទុកដាក់ និងពង្រឹងលើការងារទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ដែលជាក្ដីកង្វល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ នៅពេលបច្ចុប្បន្ននេះ។

ការណែនាំរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែង លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ជាអគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេយ៍ទោ ផាន់ សុផល ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង ជំនួសលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដែលត្រូវបញ្ចប់មុខតំណែង និងទៅកាន់តួនាទីថ្មី។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងអំពីការងារចាំបាច់ចំពោះមុខមួយចំនួន ដែលត្រូវពង្រឹងគ្រប់ជំនាញទាំងអស់ ដើម្បីលើកកម្ពស់ស្ថានភាពសន្ដិសុខ ត្រៀមលក្ខណៈសម្បត្តិការពារ នូវព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៧ និងការព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានរំលឹកអំពីស្នាដៃសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាល ក៏ដូចជាស្នាដៃរបស់កងកម្លាំងនគរបាលជាតិ ដែលសម្រេចបាននៅឆ្នាំ២០២២កន្លងមកនេះ ពិសេសការរួមចំណែកទប់ស្កាត់ជំងឺកូវីដ១៩, ការពារព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ និងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ បានបង្កើតនូវបរិយាកាសសន្ដិសុខល្អប្រសើរ និងបានធ្វើឲ្យព្រឹត្តិការណ៍សំខាន់ៗរបស់ជាតិដំណើរការបានដោយជោគជ័យ ទាំងខ្លឹមសារ ទាំងបរិយាកាសទូទៅ។ នាយឧត្តមសេនីយ៍ ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួននៅចំពោះមុខបច្ចុប្បន្ន ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍, បញ្ហាគ្រឿងញៀន ដែលកំពុងតែបង្កការលំបាកមួយចំនួនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត ពីកងកម្លាំងនគរបាលជាតិ ពិសេសអង្គភាពដែលមានការពាក់ព័ន្ធ។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានផ្ដាំផ្ញើដល់នាយនគរបាលជាន់ខ្ពស់ ដែលទើបទទួលបានការតែងតាំង និងគ្រប់ប្រធាននាយកដ្ឋាន អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងយន្ដការដឹកនាំកងកម្លាំង ដើម្បីជំរុញឲ្យប្រតិបត្តិការបំពេញតួនាទី ក្នុងនាមជាកងកម្លាំងនគរបាលជាតិ ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសត្រូវមានតម្លាភាព មានព្រហ្មវិហារធម៌ សច្ចធម៌ បើកចិត្តឲ្យទូលាយក្នុងការដឹកនាំគ្រប់គ្រងកងកម្លាំង និងពង្រឹងសាមគ្គីភាពក្នុងអង្គភាព ទើបសម្រេចការងារបាន។

លើសពីនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការ បានក្រើនរំលឹកប្រធានអង្គភាពទាំងអស់ ត្រូវបន្ដបង្កើនការយកចិត្តទុកដាក់ដល់សុខទុក្ខ និងទុក្ខធុរៈរបស់កងកម្លាំង ហើយនៅពេលកងកម្លាំងជួបការលំបាកត្រូវមានភាពស្និតស្នាល ជួយរំលែកការលំបាករបស់កងកម្លាំង៕