(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Ambassador Michael W.Michalak, Senior Vice President and Regional Managing Director Head of Mission, US-ASEAN ដែលបានដឹកនាំគណៈប្រតិភូធុរកិច្ច ដែលមានក្រុមហ៊ុនអាមេរិកចំនួន១៥បានចូលរួមផងដែរ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធុរកិច្ចអាមេរិក ព្រមទាំងបានជម្រាបជូនអំពីលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ១៩ និងជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងពេលកន្លងមករហូតកម្ពុជាអាចសម្រេចបានគោលដៅបើកប្រទេសឡើងវិញ យ៉ាងឆាប់រហ័សសម្រាប់ការអភិវឌ្ឍប្រទេសឡើងវិញ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងអំណរគុណសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលក្នុងការគ្រប់គ្រប់ការរាតត្បាតនៃជំងឺកូវីដ១៩ នាពេលកន្លងមករហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ សុខភាព និងការវិនិយោគត្រូវតែដើរទន្ទឹមគ្នា ដើម្បីធានានូវនិរន្តរភាព នៃការអភិវឌ្ឍ។

លោកស្រីបានបញ្ជាក់ជូនគណៈប្រតិភូអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលផ្ទាល់ អំពីការស្វាគមន៍រាល់ការវិនិយោគ ក្នុងវិស័យសុខាភិបាល ដើម្បីផ្តល់នូវសេវាសុខភាព ដែលមានគុណភាពដល់ប្រជាពលរដ្ឋទូទៅ។

បច្ចុប្បន្ននេះយើងបានខិតខំលើការងារជម្រុញបង្កើនការថែទាំសុខភាពបឋម (Primary Health Care Booster) ឲ្យដើរតួនាទីគ្រឹះ សម្រាប់ជំរុញការចូលរួមចំណែកសម្រេចបាននូវការគ្របដណ្តប់សេវាសុខភាពជាសាកល ហេីយក្រសួងសុខាភិបាល បាននិងកំពុងយកចិត្តទុកដាក់លើការងារជាច្រេីនទៀត ដូចជាជំងឺឆ្លង ជំងឺមិនឆ្លង អាហារូបត្ថម្ភ សុវត្ថិភាពចំណីអាហារ និងសុខភាពមាតា និងទារក សំដៅគ្របដណ្តប់សេវាសុខភាពជាសាកលនេះ។

លោកស្រី ឱ វណ្ណឌីន បានបន្ដទៀតថា ការធ្វើទំនើបកម្មក្នុងវិស័យសុខាភិបាលតាមរយៈ Digital Health នឹងជំរុញឲ្យការផ្តល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។ កិច្ចការនេះ ទាមទារឲ្យមានការវិនិយោគបន្ថែម លើធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល។

គណៈប្រតិភូបានថ្លែងអបអរសាទរដោយក្តីកោតសរសេីរ ប្រទេសកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ គណៈប្រតិភូបានជម្រាបអំពីគោលបំណងនៃដំណើរទស្សនៈកិច្ចនេះ ដើម្បីរឹតចំណងសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ គណៈប្រតិភូ បានជម្រាបជូនអំពីគោលបំណងគាំទ្រផ្នែក Digital Health និងHealthcare Financing ការបង្កើតច្បាប់សុខាភិបាល ការគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជំងឺមិនឆ្លង និងគម្រោងផ្សេងៗទៀតសំដៅផ្តល់សេវាសុខាភិបាលគ្រប់ជ្រុងជ្រោយដល់ប្រជាពលរដ្ឋ៕