(ក្រុងលីល)៖ ពិតជាអស្ចារ្យ ក្រុមបាល់ទាត់ជម្រើសជាតិវ៉េល បានទម្លាក់ក្រុមឈរនៅចំណាត់ថ្នាក់លេខ២ របស់ពិភពលោក ប៊ែលហ្ស៊ិក ៣-១ ដើម្បីឡើងទៅជួបព័រទុយហ្គាល់ ក្នុងវគ្គ៤ក្រុម នៃ Euro 2016 នៅបារាំង។
នេះជាការធ្វើបានល្អមែនទែន សម្រាប់ក្រុមដែលបានខកខាន លេងពានប្រចាំទ្វីបអឺរ៉ុប UEFA Euro អស់រយៈពេល៥៨ឆ្នាំមកនេះ តាមរយៈវាយបកឈ្នះ ៣-១ នៅនាទីទី៣១ ដោយកីឡាករ Ashley Williams និងមិត្តរួមក្រុម Hal Robson Kanu នៅនាទីទី៥៥ និងគ្រាប់ទី៣ ដោយកីឡាករ Sam Vokes នៅនាទីទី៨៦ បន្ទាប់ពីប៊ែលហ្ស៊ិកនាំមុខ១គ្រាប់នៅនាទីទី១៣ ដោយកីឡាករ Radja Nainggolan។
ក្រុមប្រទេសតូចមួយ ក្នុងចក្រភពអង់គ្លេសមួយនេះ បានឡើងជើងគួរឲ្យកត់សម្គាល់ក្នុង Euro 2016 លើកទី១៥នេះ ក្នុងនាមជាក្រុមលេខ១ ចេញពីពូល B បានទម្លាកអៀរឡង់ខាងជើង ១-០ នៅវគ្គ១៦ក្រុម មុនមកទម្លាក់ប៊ែលហ្ស៊ិក ៣-១ យប់មិញនេះក្នុងវគ្គ៨ក្រុម នៅពីមុខអ្នកទស្សនាផ្ទាល់ចំនួន ៤៥៩៣៦នាក់ នៅទីក្រុង Lille។
វ៉េល ត្រូវជួបក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅរាត្រីថ្ងៃទី០៦ ខែកក្កដា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រជែងយកកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ស្របពេលដែលអាល្លឺម៉ង់ ប៉ះអ៊ីតាលី ម៉ោង២យប់នេះ ក្នុងវគ្គ៨ក្រុម៕