(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១១។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញថ្លែងសុន្ទរកថា៖

* សម្តេចតេជោ​ ហ៊ុន សែន ថ្លែងថា សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ល្អបរិបូរណ៍ពេលបច្ចុប្បន្ននេះ គឺជាមូលដ្ឋានដ៏រឹងមាំគាំទ្រដល់ការអភិវឌ្ឍន៍ និងភាពរីកចម្រើនលើគ្រប់វិស័យ ហើយផ្តល់នូវកាលានុវត្តភាពយ៉ាងធំធេងដល់ការកសាងអនាគតកម្ពុជាប្រកបដោយភាពរុងរឿង។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វិស័យទេសចរណ៍នៅតែជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់មួយ។ ក្នុងនោះឆ្នាំ២០២២ កម្ុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២.២លាននាក់ កើនឡើង ១០៥៩ភាគរយ ធៀបឆ្នាំ២០២២។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាត្រូវគិតគូរលើការបង្កើនឧត្តមភាពប្រកួតប្រជែង និងការធានាចីរភាពនៃការអភិវឌ្ឍន៍ ដើម្បីឆ្លើយនឹងការវិវត្ត និងនិន្នាការនៃការអភិវឌ្ឍន៍ថ្មីៗ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចលនាប្រលងប្រណាំងទីក្រុងស្អាត គឺជាយន្តការវាយតម្លៃ និងជាការក្រើនរំលឹកដល់រដ្ឋបាលដែនដី អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ អំពីសារៈសំខាន់នៃការអភិវឌ្ឍបៃតង ដោយរក្សាតុល្យភាពនៃការអភិវឌ្ឍន៍ និងការអភិរក្សា លើទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុវត្តចលនាប្រលងប្រណាំងទីក្រុងស្អាត បានចូលរួមកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានលើនិរន្តរភាពនៃសម្បត្តិធនធានវប្បធម៌ ធម្មជាតិ និងបរិស្ថាន នៅតាមបណ្តាទីក្រុង និងទីប្រជុំជន ព្រមទាំងជួយបង្កើនភាពទាក់ទាញ និងធានាចីរភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ថែមទៀត។

* សម្តេ​ចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ» សម្រាប់ទិវាជាតិទីក្រុងស្អាតនាពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទីក្រុងដែលមានភាពទាក់ទាញគួរឱ្យចង់ទស្សនាកម្សាន្ត និងស្នាក់នៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺជាទីក្រុងដែលស្អាត មានបរិស្ថានល្អ ធានាបាននូវសន្តិសុខ សុវត្ថិភាព ផ្តល់បដិសណ្ឋារកិច្ចល្អ ភាពរួសរាយរាក់ទាក់ជាមួយនឹងភាពជាម្ចាស់ផ្ទះ ដែលផ្តល់នូវការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែង ត្រូវបង្កើនការអប់រំដល់ប្រជាពលរដ្ឋឱ្យយល់ពីតម្លៃអនាម័យ និងបរិស្ថាន។ មិនមែនតែអ្នកនៅទីក្រុងប៉ុណ្ណោះទេ តែតាមទីជនបទផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរស់ប្រកបដោយអនាម័យមិនត្រឹមតែធ្វើឱ្យមានសោភណ្ឌភាពប៉ុណ្ណោះទេ តែក៏បានជួយឱ្យសុខភាពពលរដ្ឋល្អផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលប្រមាណ ២៣ឆ្នាំហើយ កម្ពុជាមិនកើតមានជំងឺចុះក្អួតក្រោយទឹកជំនន់នោះទេ។ នេះការស្តែងឱ្យឃើញពីភាពប្រសើរនៃសុខភាពប្រជាពលរដ្ឋ តាមរយៈការរស់នៅប្រកបដោយអនាម័យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចលនា «ភូមិស្អាត ស្រែល្អ» ដែលរាជរដ្ឋាភិបាល បានដាក់ចេញកាលពីពេលមុន គឺជាចលនាលើកកម្ពស់ការរស់នៅស្អាតរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជាទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក និងបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យជំរុញការអភិវឌ្ឍន៍បៃតងនៅតាមបណ្តាក្រុង ខណ្ឌ រាជធានី ខេត្ត នៅទូទាំងប្រទេសតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ដោយត្រូវជំរុញការរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុង ដោយរួមបញ្ចូលទាំងទិដ្ឋភាព នគរូបនីយកម្ម ប្រជាសាស្ត្រ ទេសចរណ៍ បរិស្ថាន សេដ្ឋកិច្ច និងសង្គម។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តអភិវឌ្ឍទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាត ដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច​ ភាពទាក់ទាញ ផ្នែកទេសចរណ៍ បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម ដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជនប្រកបដោយ សុខុមាលភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពធន់ និងផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបន្តអភិវឌ្ឍទេសចរណ៍ទីក្រុង ជាផ្នែកដ៏សំខាន់មួយនៃការចូលរួមដល់ការជំរុញពិពិធកម្មនៃវិស័យទេសចរណ៍កម្ពុជា ដែលជាទេសចរណ៍វប្បធម៌ និងធម្មជាតិ តាមរយៈការរៀបចំផែនការអភិវឌ្ឍទេសចរណ៍ទីក្រុង ដែលមានលក្ខណៈសមាហរណកម្ម ជាមួយអន្តរវិស័យ និងការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយឆ្ពោះទៅការអភិវឌ្ឍទេសចរណ៍ឆ្លាត ដូចជាកម្មវិធីទូរស័ព្ទ «ទស្សនាទីក្រុង (City Tales App)» ជាដើម។

* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញសណ្ឋាគារ និងអាហារដ្ឋាននានា ក្លាយទៅជាប្រភពទីផ្សារសម្រាប់កសិផលរបស់ខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យក្រសួងទេសចរណ៍ដាក់បញ្ចូលលក្ខខណ្ឌនៃការប្រើប្រាស់កសិផលខ្មែរ សម្រាប់ការវាយតម្លៃសណ្ឋាគារនានា។

* សម្តេចតេជោ ហ៊ុន សែន ការផ្សព្វផ្សាយពីទេសចរណ៍របស់កម្ពុជា មិនបាច់ប្រើ CNN ឬ BBC នោះទេ តែត្រូវផ្សព្វផ្សាយតាមរយៈអ្នកទេសចរដែលចូលមកលេងនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបន្តលើកកម្ពស់ការអភិវឌ្ឍន៍ទីក្រុង ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន និងលើកស្ទួយ «វិស័យទេសចរណ៍ជាការនាំចេញនៅនឹងកន្លែង» តាមរយៈការបង្កើនអន្តរកម្មខ្សែច្រវាក់តម្លៃនៃវិស័យទេសចរណ៍ ជាមួយវិស័យគាំទ្រពាក់ព័ន្ធ ជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្មច្នៃប្រឌិត និងផលិតកម្មក្នុងស្រុក ដើម្បីបង្កើនលទ្ធភាពនៃការបែងចែកផ្លែផ្កានៃកំណើនតាមរយៈការអភិវឌ្ឍន៍វិស័យទេសចរណ៍។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យរួមគ្នាថែរក្សាធនធានធម្មជាតិ រួមមានព្រៃឈើ និងសត្វព្រៃ សម្រាប់ទាក់ទាញទេសចរណ៍។

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយ ដែលក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក យកគំនិតផ្តួចផ្តើមរបស់សម្តេច «ឆ្នេរសមុទ្រដែលស្អាត គឺឆ្នេរគ្មានប្លាស្ទិក» ដាក់ក្នុងលក្ខខណ្ឌវាយតម្លៃរបស់ខ្លួន។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត អាជ្ញាធរគ្រប់ លំដាប់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធវិស័យឯកជន អង្គការ សង្គមស៊ីវិល ដៃគូអភិវឌ្ឍពាក់ព័ន្ធ ព្រះសង្ឃគ្រប់ ព្រះអង្គ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន / រោងចក្រ និង ជនរួមជាតិទាំងអស់មេត្តាបន្តផ្តល់នូវការគាំទ្រ និងចូលរួមអនុវត្តឱ្យបាន ផុលផុស ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព ភាព ស្អាត និងបៃតងនិងភាពទាក់ទាញខ្ពស់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស័ក្តិសមនឹងកិត្តិនាម «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្ដៅ»

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវាយប្រហារលើក្រុមយុវជនបរិស្ថានដែលធ្លាប់គាំទ្របក្សប្រឆាំង បែរមកគាំទ្ររាជរដ្ឋាភិបាលវិញនោះ គឺខ្វះនូវការគោរពគោលការណ៍ប្រជាធិបតេយ្យ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង១៦៖៤១នាទី, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់ តាមរយៈបណ្តាញព័ត៌មានទូរទស្សន៍ Fresh News៕