(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំទ្វេភាគី ជាមួយនឹងលោកឧត្តមសេនីយ៍ទោ ដេវីត នីអូ (David Neo) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា។

ក្នុងជំនួបនេះ សមភាគីទាំងពីរ បានបង្ហាញនូវមោទកភាពចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធ រវាងកម្ពុជា និងសិង្ហបុរី រាប់ចាប់តាំងពីការបង្កើតចំណងការទូតផ្លូវការ ក្នុងឆ្នាំ១៩៦៥ ដែលនៅពេលនោះ កម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងបង្អស់ ដែលទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរី។ ហើយបន្តរហូតមកដល់បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ក៏មានវឌ្ឍនភាពរីកចម្រើនជាលំដាប់។

ចំពោះកិច្ចសហប្រតិបត្តិការយោធាសមភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាជាច្រើន ដែលសម្រេចបានកន្លងមកនៅក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស, ការផ្លាស់ប្តូរគណៈប្រតិភូ គ្រប់កម្រិត និងការផ្តល់ជំនួយឧបត្ថម្ភផ្នែកសម្ភារ ជាដើម និងព្រមទាំងបានកត់សម្គាល់អំពីសារៈសំខាន់ចាំបាច់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងនេះ ឲ្យកាន់តែសកម្មបន្ថែមទៀត ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងរឹងមាំ និងប្រកបដោយទំនុកចិត្តរវាងប្រទេស និងប្រជាជនទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាការរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។
ក្នុងន័យនេះ មេបញ្ជាការកងទ័ពជើងគោកទាំងពីរ បានផ្តោតការពិភាក្សាលើទិសដៅសហប្រតិបត្តិការ និងការរៀបចំសកម្មភាពរួមគ្នាមួយចំនួន រួមមាន៖ ការហ្វឹកហ្វឺន, លំហាត់រួមក្នុងប្រតិបត្តិការ សង្គ្រោះគ្រោះមហន្តរាយ, ការលោតឆត្រមិត្តភាព, ការផ្លាស់ប្តូរបទពិសោធន៍ជំនាញ, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ព្រមទាំងការពិនិត្យលទ្ធភាព ក្នុងការបង្កើតយន្តការទំនាក់ទំនងការងារ រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យបានជាប់ជាប្រចាំ។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ដេវីត នីអូ ក៏បានថ្លែងនូវការកោតសរសើរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងបានលើកឡើងផងដែរ អំពីជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) ដែលបានប្រព្រឹត្តទៅកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ទោ ដេវីត នីអូ នាពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី២ របស់មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរីនៅកម្ពុជា ដែលការណ៍នេះ នឹងក្លាយជាកម្លាំងចលករបន្ថែមទៀតក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ឲ្យកាន់តែសកម្ម ស៊ីជម្រៅ និងរឹងមាំ៕