(ព្រះសីហនុ)៖ លោក គង់ ច័ន្ទវាសនា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣នេះ បាននាំយកអំណោយជាកង់ចំនួន ១០០គ្រឿង របស់ស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ប្រគល់ជូនសិស្សក្រីក្រចំនួន ១០០នាក់ នៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ពិធីប្រគល់-ទទួលកង់ខាងលើនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោក សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រី សេង សុមេត្តា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារ ស.ស.យ.ក. បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងក្រុមការងារ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ អាជ្ញាធរមូលដ្ឋានក្រុងព្រះសីហនុ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។
បើតាមលោក គង់ ច័ន្ទវាសនា បានថ្លែងថា អំណោយដែលយកមកប្រគល់ជូននៅពេលនេះ គឺផ្តើមចេញពីការផ្តល់ឱកាសរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់លោកក្នុងការចូលរួមវគ្គបណ្តុះបណ្តាលជាន់ខ្ពស់រយៈពេលខ្លីនៅប្រទេសចិន កាលពីចុងឆ្នាំ២០២១កន្លងទៅ។ តាមរយៈវគ្គសិក្សានេះ លោកបានកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយភាគីចិន និងស្ថានទូតចិន រហូតទទួលបានអំណោយសម្រាប់យកមកប្រគល់ជូននៅពេលនេះ ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំដែលផ្តល់ឱកាសដល់យើងទាំងអស់គ្នាក្នុងការអភិវឌ្ឍន៏ខ្លួន និងបោះជំហានទៅមុខ។
លោកបានបន្តថា ជានិច្ចជាកាលលោក ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់យុវជនទាំងអស់គ្នា ក្នុងការចូលរួមសកម្មភាពសង្គម និងមនុស្សធម៌ ដើម្បីហ្វឹកហាត់ពត់លត់ដំខ្លួនឱ្យក្លាយជាអនាគតទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ។
ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងព្រះសីហនុ ជាពិសេសអាណាព្យាបាលសិស្សានុសិស្សដែលកំពុងជួបប្រទះការលំបាកក្នុងជីវភាព, លោក តឹករ៉េត សំរេច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ស្ថានទូតចិន ដែលជាម្ចាស់អំណោយ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានខិតខំសម្របសម្រួល និងចាត់ចែងបញ្ជូនអំណោយសប្បុរសធម៌នេះ មកចែកជូនដល់ក្មួយៗសិស្សានុសិស្សដែលមានជីវភាពលំបាក សម្រាប់ជាមធ្យោបាយធ្វើដំណើរទៅសាលារៀន។
លោកបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃក្រុងព្រះសីហនុ ចំពោះការគាំទ្រដល់វិស័យអប់រំ និងចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ដែលជាកម្លាំងជួរមុខក្នុងការផ្តល់ការអប់រំបណ្តុះបណ្តាលប្រកបដោយគុណភាពដល់ក្មួយៗសិស្សានុសិស្ស ឱ្យក្លាយជាសសរទ្រូងយ៉ាងរឹងមាំរបស់ប្រទេសជាតិ៕