(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៣៥០គ្រួសារ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

កម្មវិធីនេះប្រារព្ធធ្វើឡើង នៅបរិវេណម៉ាស្ជិទចាមៀកអាំម៊ើរ ពិន យ៉ាសៀរគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះទី១  ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម ជាគណៈអធិបតី ពីសំណាក់ សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានផងដែរ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានឲ្យដឹងថា អំណោយនេះ ជាការចូលរួមបំពេញបន្ថែមរបស់អង្គការរ៉ាប៊ីតា ជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋកម្ពុជាងាយរងគ្រោះទូទៅ។

លោកបណ្ឌិត បានលើកឡើងថា រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ដោះស្រាយរាល់ទុក្ខកង្វល់ ជូនប្រជាជនកម្ពុជាឲ្យបានទាន់ពេលវេលា ដូចជាកាលពីសម័យកាលរីករាលដាលជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាល ក៏បានផ្គត់ផ្គង់ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ដល់គ្រួសារខ្វះខាត និងងាយរងគ្រោះផងដែរ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានរំលេចពីការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ និងសំណង់អគាររដ្ឋាភិបាល ពាណិជ្ជកម្មខ្ពស់ៗគួរជាទីមោទនៈ។

ក្នុងឱកាសនោះ លោកបានលើកឡើងពីសមិទ្ធផល និងគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេសបានជំរុញឲ្យប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា។

សូមជម្រាបថា អំណោយខាងលើ គឺទទួលបានការឧបត្ថម្ភពីអង្គការរ៉ាប៊ីតា (RABITA) នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា៕