(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្លែងថា ៣៨ឆ្នាំ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន សម្រេចបានជោគជ័យបញ្ចប់សង្រ្គាមកសាង និងការពារមាតុភូមិ សន្តិភាព ស្ថិរភាពនយោបាយ និងបានបន្តអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។

ការថ្លែងបែបនេះ ក្នុងឱកាស លោក និងលោកស្រី ឧកញ៉ា ម៉ៅ ម៉ាល័យ ព្រមទាំងក្រុមការងារគ្រប់ថ្នាក់ អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ លោកតា លោកយាយ មន្រ្តីរាជការ គ្រូបង្រៀន គ្រូពេទ្យ អតីតយុទ្ធជន និងនិវត្តន៍ជន នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ថ្លែងក្នុងនាមសម្តេចតេជោ ហ៊ុន សែន និងលោកផ្ទាល់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារថ្នាក់ អាជ្ញាធរដែនដី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់ថ្នាក់ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរស្រុកភ្នំស្រុក ដែលបានចូលរួមការពង្រឹងខឿនការពារជាតិ បូរណភាពដែនដី សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជំរុញអភិវឌ្ឍវិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងលើកកម្ពស់បានជីវភាពរស់នៅរបស់ប្រពលរដ្ឋបានល្អប្រសើរ។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តដោយអំណរគុណនិងគោរពស្រឡាញ់ចំពោះមន្រ្តីរាជការ គ្រូបង្រៀន គ្រូពេទ្យ អតីតយុទ្ធជន និងនិវត្តន៍ជន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ លោកតាលោកយាយ ដែលបានខិតខំពុះពារយកចិត្តទុកដាក់ក្នុងការអប់រំ ផ្តល់ចំណេះដឹងដល់សិស្ស តាមរយៈការអប់រំដោយផ្ទាល់និងពីចម្ងាយ នៅគ្រប់ស្ថានភាពជាពិសេសក្នុងស្ថានភាពនៃឆ្លងរាតត្បាត នៅតាមសហគមន៍ ផ្តល់ជំនឿជាក់ និងការគាំទ្រយ៉ាងធំធេងចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅគ្រប់នីតិកាល ក្នុងការបន្តកសាងនិងអភិវឌ្ឍន៍ប្រទេស។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តដោយសង្កត់ធ្ងន់ថា ក្នុងរយៈពេល៣៨ឆ្នាំ កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុត និងទស្សនៈវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកចក្រកម្ពុជា បានសម្រេចជោគជ័យយ៉ាងធំធេងនៅក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ សន្តិភាព ស្ថិរភាពនយោបាយ និងបានបន្តអភិវឌ្ឍប្រទេសលើគ្រប់វិស័យតាមរយៈនយោបាយឈ្នះ-ឈ្នះ បញ្ចប់បានទាំងស្រុងនូវសង្គ្រាម ស៊ីវិលក្នុងប្រទេស និងការដាក់ចេញយ៉ាងច្បាស់លាស់នូវកម្មវិធីនយោបាយ តាមនីតិកាលនីមួយៗ សម្រាប់ការកសាង និងការពារជាតិមាតុភូមិ និងអភិវឌ្ឍប្រទេស «មនុស្ស ផ្លូវ ភ្លើង និងទឹក» ដើម្បីរួមគ្នាជាសរសរស្តម្ភមួយសម្រាប់បន្តកសាងនិងអភិវឌ្ឍប្រទេស។

ក្នុងពិធីនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកអំណោយ ឧបត្ថម្ភដល់៖
១៖ អតីតយុទ្ធជន និងនិវត្តន៍ជន ៣៣៥នាក់ ក្នុង១នាក់ ៖ កំសៀវដាំទឹកអគ្គិសនី ពិល មី ត្រីខទឹកស៊ីអ៊ីវ ទឹកត្រី ទឹកដោះគោ តែ ស្កសរ កៅអៀកអំបិលអ៊ីយ៉ូត បំពង់ហឺត ប្រេងឆា សារុង១ ក្រម៉ា១ ភួយ១ និងថវិកា២ម៉ឺនរៀល។
២៖ ក្រុមប្រឹក្សា និងស្មៀនឃុំ ៤១នាក់ លោកគ្រូ អ្នកគ្រូ និងគ្រូពេទ្យចំនួន៨៥៩នាក់ ម្នាក់ៗសារុង១ និងថវិកា១ម៉ឺនរៀល (ចំពោះពោះអ្នកមានផ្ទៃពោះថែមម្នាក់៥ម៉ឺនរៀល)។
៣៖ ឧបត្ថម្ភកម្លាំងស្រុក (នគរបាល កងរាជអាវុធហត្ថ សឹករង ប្រជាការការពារ) គ្រូពេទ្យប្រចាំការ ក្នុង១អង្គភាព/១ក្រុម ៥០ម៉ឺនរៀល។
៤៖ ឧបត្ថម្ភសាលាបឋមសិក្សាត្រពាំងថ្ម ១លានរៀល
៥៖ ជួយសាងសងសាលាបឋមសិក្សាត្រពាំងថ្ម អាគារសិក្សា១ខ្នង មាន៦បន្ទប់។
៦៖ ជួយសាងសងសាលាមតេយ្យសិក្សាត្រពាំងថ្ម អាគារសិក្សា ១ខ្នង មាន៥បន្ទប់។

ក្នុងថ្ងៃដដែលនោះ ក្រោយពីបញ្ចប់ពិធីសំណេះសំណាល ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ អមដោយក្រុមការងារគ្រប់ថ្នាក់ បន្តអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នៅទីស្នាក់ការគណបក្សឃុំប៉ោយចារ និងផ្តល់អំណោយជូនប្រជាពលរដ្ឋមេឃុំ មេភូមិ សមាជិកភូមិ ស្មៀន ចូលរួមក្នុងម្នាក់ៗសារុង១ ថវិកា២ម៉ឺនរៀល។

ក្នុងថ្ងៃដដែលនោះដែរ លោក និងលោកស្រី បានបន្តអញ្ជើញទៅសួរសុខទុក្ខកុមារកំព្រា និងគណគ្រប់គ្រងនៅមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ខេត្តបន្ទាយមានជ័យ ហូបបាយសាមគ្គី១ពេល និងឧបត្ថម្ភថវិកាជូនមណ្ឌល២លានរៀល ផងដែរ៕