(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានចាត់បញ្ជូនយុវជនឆ្នើមចំនួន៦រូប ទៅចូលរួមកម្មវិធីបណ្តាញ យុវជនស្តីពីការទប់ស្កាត់គ្រឿងញៀន លើកទី២ នៅប្រទេសថៃ និងឡាវ ក្រោយទទួលបានជោគជ័យកាលពីលើកទី១។

ការចាក់ចេញរបស់យុវជនយើង ត្រូវបានជូនដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយឧត្តមសេនីយឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា កម្ពុជា និងលោក វ៉ាលុត ថុងឆូ ទីប្រឹក្សាការងារគ្រឿងញៀនអមស្ថានទូតថៃនៅកម្ពុជា។

ទាំងឧត្តមសេនីយឯក លឹម តុងហួត និងលោកវ៉ាលុត ថុងឆូ បានប្រាប់ឲ្យថា ដោយសារភាពជោគជ័យកម្មវិធីលើកទី១ កាលពីឆ្នាំ២០២២ ការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) បានផ្តួចផ្តើមរៀបចំកម្មវិធីបណ្ដាញយុវជន ស្ដីពីការទប់ស្កាត់បញ្ហាគ្រឿងញៀន ជាលើកទី២ សម្រាប់មនុស្សវ័យជំទង់ក្នុងបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ (GMS) រួមមាន៖ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាមក្នុងឆ្នាំ២០២៣ ដែលចាប់ផ្តើមពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសថៃ និងប្រទេសឡាវ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង និងអនុញ្ញាត ឲ្យយុវជនសិក្សាផ្លាស់ប្តូរ និងប្រមូលបទពិសោធន៍លើការគ្រប់គ្រង និងបង្ការគ្រឿងញៀនដែលមានយុវជនឆ្នើមៗ ចូលរួមសរុប៤២រូប ដែលកម្មវិធីនេះ នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសថៃ និង ឡាវ។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានប្រាប់បន្ថែមថា យុវជនឆ្នើមរបស់កម្ពុជាចំនួន៦រូប កាលចូលរួមលើកទី១ ឆ្នាំ២០២២ មានសេចក្តីក្លាហានជជែក ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងវប្បធម៌ និងការចូលរួមរបស់យុវជនក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន៕