(ភ្នំពេញ)៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងតែផ្តល់ការគាំទ្រលើការអភិវឌ្ឍរបស់រាជធានីភ្នំពេញ និងបានលើកឡើងពីភាពរីកចម្រើននៃចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសបន្ទាប់ពីដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោកប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកស្រីកាលពីពេលថ្មីៗនេះ នៅកម្ពុជា។

ការថ្លែងអំណរគុណបែបនេះ របស់លោក នួន ផារ័ត្ន បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចូលរួមជាមួយលោក ស្ទេហ្វាន ម៉េសឺរឺ (Stefan Messerer) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា, ឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប និងលោកស្រីបណ្ឌិត Dr. Heike Bauer តំណាងក្រសួងអប់រំ និងស្រាវជ្រាវអាល្លឺម៉ង់ នៅក្នុងពិធីបើកសិក្ខាសាលា «គម្រោងលំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជន (Build4People)» ដែលបានប្រារព្ធធ្វើនៅសាលប្រជុំធំ (The Grand Hall) នៃបុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

នាឱកាសនោះដែរ លោកអភិបាលរងរាជធានីភ្នំពេញ បានលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍លំនៅឋានទាំងឡាយនៅក្នុងរាជធានីភ្នំពេញ ឱ្យផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រកបដោយចីរភាព និងគិតគូរឱ្យបានម៉ត់ចត់ពីប្រព័ន្ធអេកូឡូស៊ីទីក្រុង សំដៅយ៉ាងណា កសាងបរិស្ថានរស់នៅជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ដែលក្នុងនោះ បុរីប៉េង ហួត បឹងស្នោ អនុវត្តបានយ៉ាងល្អប្រសើរលើការងារនេះ។

លោក នួន ផារ័ត្ន ជម្រាបអំពីការអភិវឌ្ឍ និងភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ ទាំងលើវិស័យនគរូបនីយកម្ម និងកំណើនប្រជាសាស្ត្រ ដែលតម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវលើកកម្ពស់ផែនការគ្រប់គ្រងរបស់ខ្លួន តាមរយៈការព្យាយាមស្វែងរកដំណោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាព និងគិតគូរពីចក្ខុវិស័យវែងឆ្ងាយរបស់រាជធានី។

លោកបានបន្តថា គម្រោង Build4People ដែលជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលមានក្រសួងអប់រំ និងស្រាវជ្រាវអាលឺម៉ង់ជាសេនាធិការនេះ ពិតជាបានចូលរួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយបញ្ហាប្រឈម និងបានចូលរួមគូសវាសផែនការអនាគតរបស់រាជធានីភ្នំពេញ ជាពិសេសនៅតំបន់ច្បារអំពៅ ដែលជាតំបន់មួយមានកំណើនប្រជាជនកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់។

ជាលទ្ធផលនៃការអនុវត្តគម្រោងចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩មក គម្រោងនេះបានឈានដល់ដំណាក់កាលទី២ និងសម្រេចបាននាពេលនេះ គឺការចុះហត្ថលេខាលើលិខិតបង្ហាញសុឆន្ទៈ (Letter of Intent) រវាងក្រុមហ៊ុន ប៉េង ហួត គ្រុប និងគម្រោង Build4People ដើម្បីសហការ និងគាំទ្រដល់ការអនុវត្តគម្រោង តាមរយៈការបង្កើតជា Ecocity Transition Lab ដែលនឹងចូលរួមក្នុងការចែករំលែកបទពិសោធន៍ក្នុងការរចនា ឌីហ្សាញ គំរូផ្តួចផ្តើមថ្មីៗពាក់ព័ន្ធនឹងសុខុមាលភាព បរិស្ថានរស់នៅល្អ ការគិតគូរពីប្រព័ន្ធអេកូឡូស៊ី ដែលជាគំរូដ៏ល្អមួយសម្រាប់ការអភិវឌ្ឍនៅតាមតំបន់ដទៃទៀតនៃរាជធានីភ្នំពេញ៕