(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអះអាងថា តំបន់ដែលឆ្លងជំងឺផ្ដាសាយបក្សី ក្នុងមូលដ្ឋានស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវបានមន្ដ្រីជំនាញសុខាភិ​បាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ គ្រប់គ្រងបានទាំងស្រុងហើយ មិនមានឆ្លងរីករាលដាលទៅតំបន់ផ្សេងទៀតនោះទេ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «មកទល់ពេលនេះ យើងមិនទាន់មានសញ្ញាណាដែលបង្ហាញថា មានការរាតត្បាតធំធេងនោះទេ ហើយអ្វីដែលយើងកំពុងរង់ចាំ គឺឲ្យមានការសន្និដ្ឋានច្បាស់លាស់ពីក្រុមដែលចុះទៅអង្កេតស្រាវជ្រាវនៅមូលដ្ឋាន [...] រកឃើញថា មិនមានឆ្លងទៅណាទៀតទេ ហើយបច្ចុប្បន្ននេះយើងគ្រប់គ្រងបានទាំងស្រុងហើយ នៃស្ថានភាពជំងឺផ្ដាសាយបក្សនៅក្នុងតំបន់នោះ»

ដោយឡែក សម្រាប់អ្នកជំងឺផ្ដាសាយបក្សីដែលបានឆ្លងពីកូនវិញ រហូតមកដល់ពេលនេះតាមរយៈលទ្ធផលបញ្ជាក់របស់មន្ទីរពិសោធន៍ បានឲ្យដឹងថា គាត់អវិជ្ជមានជំងឺវិញហើយ (ជាសះស្បើយ) ប៉ុន្ដែក្រុមគ្រូពេទ្យជំនាញបានឲ្យអ្នកជំងឺទទួលទានថ្នាំឲ្យគ្រប់បានចំនួនកំណត់ និងបន្ដតាមដានសុខភាពប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។ នេះបើតាមអ្វីដែលលោកស្រី ឱ វណ្ណឌីន គូសបញ្ជាក់។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានអះអាងទៀតថា សម្រាប់អ្នកដែលប៉ះពាល់វិញ មានសរុបចំនួន១៦នាក់ ក្នុងនោះមាន១២នាក់ប៉ះពាល់ជាមួយកុមារី ដែលមរណភាព និង៤នាក់ជាមួយឪពុក ហើយលទ្ធផលចេញពីមន្ទីរពិសោធន៍ បានបញ្ជាក់ថា ពួកគាត់អវិជ្ជមានជំងឺផ្ដាសាយបក្សី ប៉ុន្ដែក្រុមគ្រូពេទ្យបានយកសំណាកពីក្រុមផ្សេងទៀត ដែលមានការសង្ស័យមានរោគសញ្ញាស្រដៀងផ្ដាសាយ ចំនួន១៣នាក់ ជាលទ្ធផលអវិជ្ជមានដូចគ្នា។

បើទោះបីស្ថានភាពគ្រប់គ្រងបាន អ្នកជំងឺជាសះស្បើយ គ្មានការឆ្លងរីករាលដាលក៏ពិតមែន ប៉ុន្ដែលោកស្រី ឱ វណ្ណឌីន បានបន្ដអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ពីការឆ្លងរីករាលដាលជំងឺផ្ដាសាយបក្សី ប្រភេទ H5N1 នេះ។ លោកស្រីសង្កត់ធ្ងន់ថា ជំងឺនេះក្នុងករណីឆ្លងចូលក្នុងរាង្គកាយហើយនោះ គឺការវិវឌ្ឍទៅរកស្ថានភាពធ្ងន់ធ្ងរ និងឈានទៅមរណភាព ខ្លាំងជាងជំងឺកូវីដ១៩ទៅទៀត។

សូមរំលឹកថា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានថា បន្ទាប់ពីករណីស្លាប់កុមារីម្នាក់អាយុ១១ឆ្នាំ ៦ខែ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលរស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្រុមការងារអង្កេតស្រាវជ្រាវបន្ទាន់របស់ ក្រសួងសុខាភិបាល ដោយមានកិច្ចសហការ
ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលខេត្តព្រៃវែង រួមជាមួយដៃគូសុខាភិបាល បានចុះដល់មូលដ្ឋានជាបន្ទាន់ហើយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមឆ្លើយតបបន្ទាន់នេះ បានប្រមូលយកវត្ថុសំណាកអ្នកប៉ះពាល់ ជាមួយកុមារីដែលបានស្លាប់ ដោយសារជំងឺផ្តាសាយបក្សី H5N1 ចំនួន១២នាក់ ដើម្បីធ្វើការវិភាគនៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈដែលលទ្ធផលនៃការវិភាគ បានបញ្ជាក់ពីវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ថាមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទH5N1 ១សំណាក ក្នុងចំណោមវត្ថុសំណាកទាំង១២ ដែលកើតមានលើបុរសអាយុ៤៩ឆ្នាំ ដែលមានទីលំនៅក្នុងភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងត្រូវជាឪពុករបស់ករណីទី១ (ជាកុមារីដែលបានស្លាប់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣)។

ក្រសួងសុខាភិបាល បានអះអាងថា នេះជាករណីទី២ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ បន្ទាប់ពីមិនបានរកឃើញវីរុសនេះលើខ្លួនមនុស្សអស់រយៈពេល០៩ឆ្នាំកន្លងមកហើយនៅព្រះរាជាណាចក្រកម្ពុជា ដែលករណីចុងក្រោយនេះ គឺជាករណីទី៥៨ ដែលបានរកឃើញនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងនោះ មាន៤៥ករណីកើតលើកុមារអាយុក្រោម១៤ឆ្នាំ និង៣១ករណីក្នុងចំណោមករណីទាំង៥៨ ជានារី។

ចាប់តាំងពីមានជំងឺផ្តាសាយបក្សីលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០០៥ មកនៅក្នុងចំណោមអ្នកដែលមានឆ្លងវីរុសផ្តាសាយបក្សី H5N1 ចំនួន៥៨ករណី មានតែ១៩ករណីទេ ដែលមានជីវិត៕