(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា នៅពេលមិនយូរទៀតទេ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ហើយការចេញនេះនឹងអាចបាត់បង់ការទទួលបានអត្រាការប្រាក់សម្បទាន (ការប្រាក់អនុគ្រោះ) នៃកម្ចីពីដៃគូអភិវឌ្ឍន៍ ប៉ុន្តែកម្ពុជានឹងបន្តស្នើឱ្យមានការអនុគ្រោះបន្តទៀត។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់ របស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជាត្រូវការប្រាក់កម្ចីពីដៃគូអភិវឌ្ឍន៍ ដើម្បីយកមកសាងសង់ នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពានជាដើម សំដៅជួយជំរុញការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «មិនជាយូរប៉ុន្មានទេ ប្រទេសកម្ពុជានឹងចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួច ដែលខ្ញុំកំពុងបារម្ភទៅវិញទេ កាលណាដែលយើងចាកចេញពីប្រទេស ដែលអភិវឌ្ឍន៍តិចតួច យើងទៅខ្ចីលុយគេ លេងឲ្យយើងខ្ចីក្នុងអត្រាការប្រាក់សម្បទានហើយ គេឲ្យយើងខ្ចីតាមអត្រាការប្រាក់ពាណិជ្ជកម្ម ។ ព្រោះបើអ្នកឯងក្រ គឺគេឲ្យអត្រាការប្រាក់សម្បទាន អីចឹងកាលពីមុនកម្ពុជា ក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ខ្ញុំបានប្រាប់គេ បើយើងខ្ញុំចូលជាប្រទេសចំណូលមធ្យមកម្រិតទាបក៏សុំមេត្តា ផ្តល់ការអនុគ្រោះឲ្យយើងខ្ញុំ អំពីបញ្ហាអត្រាការប្រាក់សម្បទាន ខ្ញុំនិយាយជាមួយជប៉ុន ជាមួយកូរ៉េខាងត្បូង ជាមួយចិន ជាមួយធនាគារអភិវឌ្ឍន៍អាស៉ី ថាសុំឲ្យបន្តនូវការផ្តល់អត្រាការប្រាក់សម្បទាន ឥឡូវនៅពេលខាងមុខមិនយូរប៉ុន្មានទេ ប្រទេសកម្ពុជានឹងចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួច អីចឹងទេយើងនៅតែអំពាវនាវដៃគូរបស់យើង ផ្តល់កម្ចីអត្រាការប្រាក់សម្បទានតទៅទៀត ព្រោះការប្រាក់ធ្ងន់យកមករកស៊ីអត់ចំណេញ»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីផែនការ ក្នុងអភិវឌ្ឍន៍ផ្លូវដែករបស់កម្ពុជាដែលមានស្រាប់ ឲ្យក្លាយជាផ្លូវដែកល្បឿនលឿន ប៉ុន្តែសម្តេចមិនចង់ខ្ចីប្រាក់ពីបរទេសមកអភិវឌ្ឍន៍ទេ គឺចង់រកក្រុមហ៊ុនបរទេសមកវិញនិយោគ តាមរយៈ BOT (សាងសង់ ប្រតិបត្តិការ និងផ្ទេរ)។
សូមជម្រាបថា កម្ពុជាបច្ចុប្បន្នបានក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាប នៅក្នុងឆ្នាំ២០១៦ ហើយរាជរដ្ឋាភិបាលបានកំណត់ទិសដៅ ធ្វើយ៉ាងណាប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕