(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​​ បាននិយាយចំអកឱ្យសមាជិកក្រុមប្រឆាំង ដែលវាយតម្លៃខុសអំពីប្រជាប្រិយភាពរបស់សម្តេច តាមរយៈបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក ស៊ន ដារ៉ា ជាសកម្មជនម្នាក់របស់ក្រុមប្រឆាំង បានប្រៀបធៀបចំនួនទស្សនាការផ្សាយផ្ទាល់តាមហ្វេសប៊ុករបស់ខ្លួន ជាមួយសម្តេចតេជោ ហ៊ុន សែន។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «មានអ្នកក្រៅស្រុក គេថា "ប្រជាប្រិយរបស់ ហ៊ុន សែន ខ្សោយណាស់" ដោយគេចូលមក ដោយគេឡាយម្តងមានមនុស្សប៉ុន្មានពាន់នាក់ ឯចំពោះ លោក ហ៊ុន សែន វិញ ផេករបស់គាត់ មានត្រឹមតែប៉ុន្មានពាន់នាក់ តិចជាងគេទៅទៀត ឱព្រះអើយព្រះ បើសិនជាល្ងង់ហើយសូមបន្តល្ងង់ទៀតចុះ ហើយសូមរង់ចាំមើលល្បែងនេះវានឹងកើតនៅពេលណា? ចាំមើលចុះ»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើង រាល់ព័ត៌មានរបស់សម្តេចត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅតាមប្រព័ន្ធព័ត៌មាន និងបណ្តាញសង្គមជាច្រើន ហើយបើគ្រាន់តែ ក្នុង Telegram របស់សម្តេចនៅពេលដែលផ្សាយចេញម្តងៗ ក៏មានចំនួនរាប់ម៉ឺននាក់ចូលមើលផងដែរ។

«កោតតែគេនិយាយទៅរួច ហើយគេនិយាយថា "ខ្ញុំទៅតោងកាលីបគេទៀត" ឱព្រះអើយព្រះ នៅកម្ពុជា ប្រជាប្រិយរបស់ ហ៊ុន សែន ជួយយឺតយោងដល់គណបក្សប្រជាជន ឬហោចណាស់គណបក្សប្រជាជនក៏ជួយយឺតយោងដល់ ហ៊ុន សែន វិញ វាបំពេញឱ្យគ្នាទៅវិញទៅមក»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការលើកឡើងរបស់សមាជិកក្រុមប្រឆាំងនោះ ជាអំពើល្ងិតល្ងង់ ដែលការវាយតម្លៃបែបនេះធ្វើឱ្យពួកគេចាញ់រហូតមក។ សម្តេចក៏បានចំអកផងដែរចំពោះក្រុមប្រឆាំង ដែល លោក ស៊ន ដារ៉ា បានតាំងខ្លួនជាបេក្ខជននាយករដ្ឋមន្ត្រី ដែលរឿងនេះ ធ្វើឱ្យមេ និងកូនចៅប្រជែងគ្នា៕