(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៤ទៅ៥ឆ្នាំ ទៅមុខទៀត គេនឹងយល់ពីមូលហេតុ ដែលនាំឲ្យសម្តេចឆ្លើយឆ្លងនឹងលោក ស៊ន តារា សកម្មជនក្រុមប្រឆាំងម្នាក់ ដែលចាកចេញគ្រួសារទៅរស់នៅក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ពេលអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកដែលនិយាយមិនស្តាប់ គឺជាអ្នកហែលឆ្លងទឹកភ្នែកឪពុកម្តាយមិនរួចទេ។ បើឪពុកម្តាយ និយាយមិនស្តាប់ហើយ បើអ្នកនយោបាយវិញ មិនបាច់ទៅនិយាយរឿងអីទេ។ គេគ្រាន់តែឌឺមកវិញថា មិនបាច់ចាំទៅខ្វល់អី បើឪពុកម្តាយហ្អែង ហ្អែងមិនស្តាប់ផង ហ្អែងមកស្តាប់អីអញ។ (បើគេនិយាយថា) ខ្ញុំស្រលាញ់ប្រជាជនណាស់ (គេនឹងតបមកវិញថា) បើឪពុកម្តាយអ្នកឯងមិនស្រលាញ់ផង អ្នកឯងមកស្រលាញ់អីអញ។ ចំណុចនេះ ខ្ញុំគួរតែនិយាយបន្តិចថា លោក ហ៊ុន សែន ម៉េចបានជាមួយរយៈនេះតមាត់ជាមួយកូនក្មេង។ អ្នកយល់បានយល់ អ្នកមិនយល់ មិនយល់ទេ។ សូមរង់ចាំមើលលទ្ធផល ក្នុងរង្វង់ ៤ ទៅ ៥ឆ្នាំទៀត។ ជួនកាលនយោបាយ គេអត់ធ្វើសម្រាប់ថ្ងៃហ្នឹងទេ គេធ្វើសម្រាប់ ៤ ទៅ៥ឆ្នាំ ឬ១០ឆ្នាំទៀតឯណោះ»

សូមជម្រាបថា ថ្មីៗនេះ ឪពុកម្តាយរបស់ លោក ស៊ន តារា បានចេញមុខបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន អំពីអត្តចរិតរបស់កូន ដែលមិនស្តាប់​បង្គាប់ឪពុកម្តាយ។ លោក សុខ ស៊ុនណារ៉េត ជាឪពុកបង្កើតរបស់ លោក ស៊ន តារា ហើយក៏ជាទាហានមួយរូបដែរនោះ បានរៀបរាប់ថា លោកបានព្យាយាមអប់រំ និងទូន្មាន លោក ស៊ន តារា ជាច្រើនតែមិនស្តាប់ ហើយរហូតដល់កូនរូបនេះ ប្រមាថរូបលោកថា «ចេះមិនដល់ខ្លួនថែមទៀតផង»

សកម្មជន ស៊ន តារា បានចាកចេញទៅរស់នៅប្រទេសបារាំង ទន្ទឹមគ្នាជាមួយនឹងមេដឹកនាំក្រុមប្រឆាំងដទៃទៀត បន្ទាប់ពីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ។ ក្រោយរស់នៅក្រៅប្រទេស លោកបានបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន វាយប្រហាររាជរដ្ឋាភិបាលជាបន្តបន្ទាប់។

កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ ស៊ុនណារ៉េត បានបន្តអំពាវនាវឲ្យកូនឈប់វាយប្រហារលើ សម្តេចតេជោ ហ៊ុន សែន ដែលមានជាអ្នកមានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា។ ប៉ុន្តែសកម្មជនរូបនេះ ពុំបានស្តាប់នូវការអំពាវនាវរបស់ឪពុកខ្លួនទេ។

ថ្មីៗនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឆ្លើយឆ្លង និងបានរិះគន់ លោក ស៊ន តារា ថាកំពុងប្រព្រឹត្តកំហុសធ្ងន់ធ្ងរខាងសីលធម៌ ដោយបានវាយប្រហារចំពោះឪពុកម្តាយខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កូនមិនស្តាប់ឪពុកម្តាយ ហែលឆ្លងទឹកភ្នែកឪពុកម្តាយមិនរួចនោះទេ៕