(តួកគី)៖ ហេតុការណ៍បាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងរដ្ឋធានីអ៊ីស្តង់ប៊ុល ប្រទេស តួកគី កាលពីវេលាម៉ោង១០យប់ ថ្ងៃអង្គារ៍កន្លងទៅនេះ បណ្តាលឲ្យអ្នកស្លាប់កើនឡើងដល់៤៤នាក់ ខណៈដែលមនុស្សប្រមាណ២៣០នាក់ផ្សេងទៀតរងរបួស គិតត្រឹមថ្ងៃទី០១ ខែកក្កដានេះ នេះបើយោងតាមភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ។
ជនរងគ្រោះក្នុងការវាយប្រហារ៖
ប្រធានប្រតិបត្តិរបស់អាកាសយាន្តដ្ឋាន TAV លោក Sani Sener បានបញ្ជាក់ថា ជនរងគ្រោះទាំងអស់ មានប្រភពមកពីបណ្តាប្រទេសផ្សេងៗគ្នា ទូទាំងពិភពលោក តែភាគច្រើនជាជនជាតិតួកគី។ ចំណែកជនរងគ្រោះផ្សេងទៀតមានជនជាតិអារ៉ាប់សាអូឌីត សហរដ្ឋអាម៉េរិក អ៊ីរ៉ាក់ ទុយនេស៊ី ចិន អ៊ីរ៉ង់ អ៊ុយក្រែន ហ្ស៊កដានី និងអ៊ូបេគីស្ថាន។ ក្នុងចំណោមជនរងគ្រោះទាំងអស់ ក៏មានបុគ្គលិកអាកាសយាន្តដ្ឋាន១០នាក់ និងកុមារជនជាតិប៉ាឡេស្ទីន អាយុទើបតែបីឆ្នាំម្នាក់ផងដែរ ដែលម្តាយរបស់គេបានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃពុធកន្លងទៅនេះ។
អ្នកបង្កការវាយប្រហារ៖
ប្រធានាធិបតីប្រទេស តួកគី លោក Recep Tayyip Erdogan បានលើកឡើងថា អ្នកបង្កការវាយប្រហារនេះ មិនមែនជាអ្នកកាន់សាសនាឥស្លាមនោះទេ ព្រោះថា ការវាយប្រហារបានកើតឡើងនៅជិតចុងបញ្ចប់ នៃពិធីបុណ្យម៉ារ៉ាដន ដែលជាអំឡុងពេលសម្រាប់អ្នកកាន់សាសនាឥស្លាមជៀសវាងអំពើបាប។
ដោយឡែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេស តួកគី បានឲ្យដឹងថា គ្រប់ភស្ថុតាងបានចង្អុលបង្ហាញថា វាជាស្នាដៃរបស់ពួក ISIS ប៉ុន្តែមិនទាន់មានភាព ប្រាកដប្រជានៅឡើយ។ យ៉ាងនេះក្តី ពួកគេមានភស្ថុតាងយ៉ាងច្បាស់បញ្ជាក់ថា អ្នកវាយប្រហារនៅរដ្ឋធានីអ៊ីស្តង់ប៊ុល ៣នាក់ក្នុងចំណោមអ្នកបង្កផ្សេងទៀត មានប្រភពមកពីប្រទេស រុស្ស៊ី អ៊ូបេគីស្ថាន និង កៀហ្ស៊ីស៊ីស្ថាន ដែលបានធ្វើដំណើរមកកាន់ប្រទេស តួកគីកាលពីមួយខែកន្លងទៅនេះ ដោយនាំមកជាមួយនូវអាវបង្កប់គ្រាប់បែក និងគ្រាប់បែកផងដែរ។
គួររំលឹកផងដែរថា កន្លងមក ពួកឧទ្ទាម ISIS ធ្លាប់ធ្វើការវាយប្រហារនៅក្នុងប្រទេស តួកគី ប៉ុន្តែកម្របង្កការវាយប្រហារដោយគ្រាប់បែកណាស់។
ការចាប់ខ្លួនជនសង្ស័យ៖
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ អាជ្ញាធរចាប់ខ្លួនជនសង្ស័យបាន២២នាក់ ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ នេះបើយោងតាមការលើក ឡើងរបស់មន្ត្រីប្រទេស តួកគី។
ក្នុងចំណោមនោះជនសង្ស័យ១៣នាក់ ត្រូវបានឃុំខ្លួននៅក្នុងរដ្ឋធានីអ៊ីស្តង់ប៊ុល និង៩នាក់ផ្សេងទៀត ត្រូវបានឃុំខ្លួននៅទីក្រុង អ៊ីស្មៀ។ ក្នុងចំណោមជនសង្ស័យទាំងអស់មានមនុស្សបីនាក់ជាជនជាតិបរទេស។
យុទ្ធសាស្ត្រក្នុងការវាយប្រហារ៖
ព័ត៌មានបានឲ្យដឹងថា ការវាយប្រហារនេះ មានការគ្រោងទុកយ៉ាងហ្មត់ចត់ ដោយមានជាប់ពាក់ព័ន្ធជាមួយនឹងមេដឹកនាំរបស់ពួកឧទ្ទាម ISIS ផងដែរ បើទោះបីជារហូតមកទល់ពេលនេះ ពួកឧទ្ទាម ISIS មិនទាន់ប្រកាសទទួលស្គាល់ថា ខ្លួនជាអ្នកបង្កការវាយប្រហារនេះក្តី។
ប្រភពព័ត៌មានបានបង្ហាញថា អ្នកបង្កការវាយប្រហារនៅអាកាសយាន្តដ្ឋាន Ataturk ដំបូងឡើយ បានបើកការបាញ់ប្រហារដោយកាំភ្លើងស្វ័យប្រវត្តិ បន្ទាប់មកបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតខ្លួនឯងតែម្តង ដែលការវាយប្រហារនេះ មានលក្ខណៈស្រដៀងគ្នាទៅ នឹងការវាយប្រហារទ្រង់ទ្រាយធំនៅទីក្រុងប៉ារីស កាលពីខែវិច្ឆិកាកន្លងទៅនេះ។ ហើយបន្ទាប់ហេតុការណ៍នៅទីក្រុង ប៉ារីសនោះ ពួកឧទ្ទាម ISIS បានប្រកាសទទួលស្គាល់ថា ខ្លួនជាអ្នកបង្កការវាយប្រហារ ដែលបណ្តាលឲ្យមនុស្ស៨៩នាក់ស្លាប់។
ប្រធានភ្នាក់ងារស៊ើបការ CIA ក៏បានបញ្ជាក់ផងដែរថា ការវាយប្រហារនេះមានលក្ខណៈស្រដៀងគ្នាទៅ នឹងការវាយប្រហារពីសំណាក់ពួកឧទ្ទាម ISIS។
សូមជម្រាបថា យុទ្ធសាស្ត្រក្នុងការវាយប្រហារ ដែលផ្តើមដោយការបាញ់រះដោយកាំភ្លើង បន្ទាប់មកបំផ្ទុះគ្រាប់បែកអត្តឃាតជាបន្ត កំពុងតែពេញនិយមជាខ្លាំងសម្រាប់ពួកភេរវករ។ ដោយឡែក សម្រាប់នៅប្រទេស ស៊ីរី និងអ៊ីរ៉ាក់វិញ ក្រុមអ្នកបង្កការវាយប្រហារ ភាគច្រើន ប្រើប្រាស់កាំភ្លើងបាញ់រះ នៅចំណុចត្រួតពិនិត្យសន្តិសុខ បន្ទាប់មកពួកភេរវករ រត់ទៅអោបសត្រូវរបស់ខ្លួន ហើយបំផ្ទុះគ្រាប់បែកតែម្តង។
មូលហេតុដែលតួកគីជាគោលដៅសម្រាប់ការវាយប្រហារ៖
អ្នកជំនាញបានវិភាគថា ប្រទេស តួកគី បានក្លាយជាគោលដៅសម្រាប់ការវាយប្រហារពីសំណាក់ពួកភេរវករ។ មូលហេតុដោយសារប្រទេសនេះ បានជួយដល់ប្រទេសសម្ព័ន្ធមិត្ត ក្រោមការដឹកនាំរបស់សហរដ្ឋអាម៉េរិក ក្នុងការប្រឆាំងពួកឧទ្ទាម ISIS ដែលមានមូលដ្ឋានក្នុងប្រទេស អ៊ីរ៉ាក់ និងស៊ីរី។ មិនតែប៉ុណ្ណោះ ប្រទេសតួកគីបានអនុញ្ញាតិឲ្យយន្តហោះសម្ព័ន្ធមិត្តហោះហើរ ចេញពីដែនដីរបស់ខ្លួន ដើម្បីវាយប្រហារសត្រូវតាមផ្លូវអាកាសផងដែរ។
ប្រធានភ្នាក់ងារស៊ើបការណ៍ CIA បានលើកឡើងថា «ខ្ញុំគិតថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើង ដើម្បីជាការបញ្ជូនសារព្រមាន ទៅកាន់ប្រទេសសម្ព័ន្ថមិត្តរបស់ប្រទេស តួកគី»។
ប្រតិកម្មពីអន្តរជាតិពាក់ព័ន្ធនឹងការវាយប្រហារ៖
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន រួមជាមួយមេដឹកនាំប្រទេសអូស្ត្រាលី និង សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះការវាយប្រហារនេះ។
សូមជម្រាបថា ក្នុងឆ្នាំ២០១៦នេះ ការវាយប្រហារនៅអាកាសយាន្តដ្ឋានសំខាន់ៗ របស់ប្រទេស តួកគី បានកើតឡើងចំនួន៨ដងរួចមកហើយ ដែលបណ្តាល ឲ្យមនុស្សយ៉ាងហោចណាស់១៤០នាក់ស្លាប់។ ការវាយប្រហារទាំងនេះ បានបង្កផលប៉ះពាល់ជាខ្លាំងដល់វិស័យទេសចរណ៍ ដែលជាវិស័យសំខាន់មួយ សម្រាប់សេដ្ឋកិច្ចប្រទេស តួកគី ជាក់ស្តែងកន្លងមកភ្ញៀវទេសចរណ៍ប្រមាណ៣៩,៤លាននាក់ តែងមកកំសាន្តនៅក្នុងប្រទេសនេះ ជារៀងរាល់ឆ្នាំ៕