(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា តាំងពីដើមមក សម្តេចមិនបានពឹងផ្អែកលើប្រជាប្រិយភាពរបស់នរណា ដើម្បីលើកតម្កើនប្រជាប្រិយភាពរបស់ខ្លួនឯងលើយ គឺសម្តេចបានប្រឹងងើ​បឈរដោយខ្លួនឯង ចា​ប់តាំងពីដំណើរជីវិតពីក្មេងវត្តមកម្ល៉េះ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «សូមបញ្ជាក់ ហ៊ុន សែន មិនដែលផ្អែកលើប្រជាប្រិយភាពនរណា ដើម្បីធ្វើប្រជាប្រិយភាពរបស់ខ្លួនទេ គឺអត់ទេ សុំទោស ! ជីវិតរបស់ ហ៊ុន សែន គឺប្រឹងងើបឈរឡើងដោយខ្លួនឯង តាំងពីនៅក្មេងវត្ត»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ក្នុងគណបក្សប្រជាជនកម្ពុជា គឺបានទទួលផលពីអ្វីដែល សម្តេចបានរួមចំណែក ប៉ុន្តែមិនមែនផ្តាច់មុខធ្វើតែឯងនោះទេ ប៉ុន្តែកិត្យានុភាពរបសសម្តេច ក៏មិនសាមញ្ញផងដែរ។

«(បើ) ហ៊ុន សែន មិនមានកិត្យានុភាពគ្រប់គ្រាន់ តើគណបក្សប្រជាជនកម្ពុជា អាចឈរជើងបាននៅក្នុងនយោបាយកម្ពុជាទេ, ថា "ហ៊ុន សែន ផ្តាច់ការ" អ្នកឯងចង់ថាយ៉ាងម៉េចក៏បាន ប៉ុន្តែខ្ញុំគ្រាន់តែចង្អុលបង្ហាញថា តើមាននរណាផ្តាច់ការជាងប៉ុលពតទៅទៀត? ហេតុអ្វី ក៏ប៉ុល ពត រស់បានតែ៣ឆ្នាំ៨ខែ២០ថ្ងៃ ក្នុងពេលដែល ហ៊ុន សែន អាចកាន់អំណាចជានាយករដ្ឋមន្ត្រី រហូត៣៨ឆ្នាំជាង»

សម្តេចបានបញ្ជាក់បន្ថែមថា សម្តេចជាមនុស្សតែម្នាក់គត់ ដែលនៅក្នុងរដ្ឋាភិបាលមិនដាច់ រយៈពេលជាង៤៤ឆ្នាំ ដែលសម្តេចពិជ័យសេនា ទៀ បាញ់ តែងតែនិយាយថា «សម្តេច ហ៊ុន សែន ជាតួអង្គម្នាក់ដែលនៅគ្រប់ស្ថានការណ៍ គ្រប់ព្រឹត្តិការណ៍ និងគ្រប់ហេតុការណ៍»

សម្តេចបានបន្តថា៖ «ហេតុការណ៍ណាដែល ហ៊ុន សែន មិនដឹង (ទាំង)កំណែទម្រង់ដីធ្លី កែទម្រង់ពីសេដ្ឋកិច្ចផែនការ ទៅជាសេដ្ឋកិច្ចទីផ្សារ ហេតុការណ៍ទាក់ទងនឹងកងទ័ព ហេតុការណ៍អ្វីៗ ពីឆ្នាំ១៩៧៧ រហូតមកដលពេលនេះ រយៈពេល៤៥-៤៦ឆ្នាំ»