(តាកែវ)៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ រួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានធ្វើពិធីប្រគល់ស្រះទឹកទើបស្តារ និងពង្រីករួច ដែលមានបណ្តោយ ៦០ម៉ែត្រ ទទឹង៥០ម៉ែត្រ និងជម្រៅ៤ម៉ែត្រ និងផ្លូវចូលស្រះប្រវែង១៧០ម៉ែត្រ ទទឹង៥ម៉ែត្រ ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋចំនួន ៣១០គ្រួសារ ស្មើនឹងមនុស្ស១,២៩៧នាក់ រស់នៅក្នុងភូមិក្ប៉ាម ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ទុកជាសមិទ្ធផលរួមសម្រាប់ប្រាស់។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលថ្មីនេះ លោកស្រី អគ្គលេខាធិការរងទី១ បានថ្លែងនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងពិធីនេះ ក្រោយពីទទួលបាននូវសំណូមពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានចាត់ឱ្យក្រុមការងារចុះមកភ្លាមៗ ដើម្បីពិនិត្យ និងដោះស្រាយ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ ក៏ដូចជាសេចក្ដីត្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ ដែលជួបនូវការខ្វះទឹកប្រើប្រាស់ ដោយមិនឱ្យពួកគាត់រង់ចាំយូរឡើយ។
ជាមួយនឹងសមិទ្ធផលនេះដែរ លោកស្រីអគ្គលេខាធិការរងទី១ បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ស្រះទឹកនេះ សូមចូលរួមទាំងអស់គ្នា ថែរក្សាស្រះនេះ ឱ្យបានគង់វង្សយូរអង្វែង និងដាំដំណាំហូបផ្លែ ឬបន្លែផ្សេងៗ នៅជុំវិញស្រះ ដើម្បីទុកទទួលទានផង និងបានផ្តាំផ្ញើដល់អាណាព្យាបាល សូមណែនាំដល់កូនក្មួយតូចៗ កុំលេងក្បែរស្រះជៀសវាងគ្រោះថ្នាក់ ណាមួយជាយថាហេតុ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋចំនួន៣៥០នាក់ ដែលបានមកចូលរួមក្នុងពិធីនេះ ទទួលបានអំណោយក្នុងម្នាក់ៗ៖ សារុង១ ក្រមា១ និងម្សៅសាប៊ូ ១កញ្ចប់។
កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជានិច្ចកាលតែងគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាទឹកស្អាត និងអនាម័យជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេសផ្តោតសំខាន់នៅតាមតំបន់ខ្ពង់រាប ក្នុងនោះដូចជាការខួង និងជួសជុលអណ្តូង ការជីកស្រះទឹក ជូនប្រជាពលរដ្ឋដោយមិនប្រកាន់ អំពីនិន្នាការនយោបាយអ្វីឡើយ ដូចជាក្នុងរយៈពេលកន្លងមក កាកបាទក្រហមកម្ពុជា បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការចុះចែកទឹកជាបន្ទាន់ ជូនប្រជាពលរដ្ឋដែលប្រឈមខ្លាំង នឹងបញ្ហាការខ្វះខាតទឹកស្អាតប្រើប្រាស់ នៅតាមបណ្ដាខេត្ត និងសហគមន៍នានា។
ដោយឡែកក្នុងឆមាសទី១ ឆ្នាំ២០១៦ នេះ ដោយសារភាពរាំងស្ងួត និងការកើនឡើងនូវរលកកំដៅខ្ពស់ខុសពីធម្មតានោះ កាកបាទក្រហមកម្ពុជា បានបង្កើនការជីកអណ្តូង និងស្រះទឹក ដែលរហូតមកដល់ពេលនេះ សម្រេចបាន៧២អណ្តូង និងស្រះ១៧ (ចំនួននេះ គឺទ្វេដងទៅនឹងចំនួនអណ្តូង និងស្រះ ដែលបានធ្វើ ក្នុងឆមាសទី១ ឆ្នាំ២០១៥ កន្លងទៅនេះ)។
នៅព្រឹកថ្ងៃដដែលនោះដែរ លោកស្រីអគ្គលេខាធិការរងទី១ និងក្រុមការងារ បានបន្តដំណើរនាំយកទានវស្សា និងទេយ្យទានមួយចំនួនរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តសីហរតនារាម ស្ថិតនៅក្នុងខេត្តតាកែវនេះផងដែរ៕